សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកប្រព័ន្ធបច្ចេកវិទ្យា Online scam ឃាត់ខ្លួនជនសង្ស័យ ៣២នាក់ និងវត្ថុតាងមួយចំនួន
(ស្វាយរៀង)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scam) ១កន្លែង ស្ថិតនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ ស្រី ០៨នាក់ (ជនជាតិចិន ០២នាក់ ប្រុស, ជនជាតិវៀតណាម ២៩នាក់ ស្រី ០៨នាក់) ដេីម្បីបញ្ចូលទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
នគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងស្គេមអនឡាញនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។
នគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្ត ដោយមានការសម្របសម្រួលពីកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scam) មួយកន្លែងនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ ស្រី ៨នាក់ (ជនជាតិចិន២នាក់ ប្រុស, ជនជាតិវៀតណាម ២៩នាក់ ស្រី ៨នាក់)។
ដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រលើតុ ១០គ្រឿង, Laptop១គ្រឿង, ទូរស័ព្ទដៃ៦១គ្រឿង, ដាវ ២ដើម, រថយន្ត ០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
