អាជ្ញាធរព្រមានចាត់វិធានការច្បាប់ចំពោះការប្រមូលផលផ្លែសំរ៉ងដោយការកាប់រំលំ ឬដុតដើម

រតនគិរីៈ ក្រោយពីសង្កេតឃើញពីការថយចុះនៃចំនួនដើមសំរ៉ងពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋបាលស្រុកស្រុកវើនសៃបានព្រមានចាត់វិធានការច្បាប់ចំពោះបុគ្គលដែលត្រូវបានរកឃើញប្រមូលផលផ្លែសំរ៉ងដោយកាប់រំលំដើម ដុតគល់ ដុតព្រៃ ចងខ្សែរឹតគល់ ដែលបង្កការបាត់បង់ដើមសំរ៉ងធម្មជាតិ។
សេចក្តីណែនាំចុះថ្ងៃអង្គារ ទី៧ ខែមេសានេះ បានឱ្យដឹងថា រដ្ឋបាលស្រុកវើនសៃ បានពិនិត្យឃើញថា ប៉ុន្មានឆ្នាំកន្លងទៅនេះដើមសំរ៉ងបានអំណោយផលផ្លែជារៀងរាល់ឆ្នាំ ប៉ុន្តែទិន្នផលប្រមូលបានតាមបណ្តាឆ្នាំមិនដូចគ្នាទេ ដែលឆ្នាំខ្លះច្រើន និងឆ្នាំខ្លះមានបន្តិចបន្តួច។ ឆ្នាំនេះក៏ដូចជាបណ្តាឆ្នាំមុនៗដែរ ប្រជាពលរដ្ឋតែងតែត្រៀមខ្លួនទៅប្រមូលផលផ្លែសំរ៉ងមានទាំងអ្នកក្នុងស្រុក និងអ្នកក្រៅស្រុក បានចូលទៅក្នុងព្រៃសហគមន៍ និងតំបន់ឧទ្យានជាតិវីរៈជ័យ ដើម្បីរើសផ្លែសំរ៉ងយកទៅលក់ឲ្យឈ្មួញកណ្តាល។
ដើមសំរ៉ង ជាប្រភេទរុក្ខជាតិម្យ៉ាងដែលកម្រ និងផ្លែវាលក់ បានតម្លៃខ្ពស់នៅលើទីផ្សារ វាជាប្រភេទឈើម្យ៉ាងដែលអំណោយផលពីធម្មជាតិ ដែលផ្លែរបស់វាអាច បរិភោគបាន ធ្វើឱសថព្យាបាលជម្ងឺ កែច្នៃធ្វើជាម្ហូបអាហារ និងនំចំណីបានទៀតផង។ ប៉ុន្តែមានប្រជា ពលរដ្ឋមួយ ចំនួនបានប្រមូលផលផ្លែសំរ៉ងដោយកាប់រំលំដើម ដុតគល់ ដុតព្រៃ ចងខ្សែរឹតគល់ ដោយ មិនបានគិតពីការប្រមូលផល យូរអង្វែង បណ្តាលឲ្យចំនួនដើមសំរងមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះក៏មានឈ្មួញកណ្តាលទទួល ទិញផ្លែសំរ៉ងខ្ចី ដែលជាកត្តាជំរុញឲ្យមានការកាប់បំផ្លាញដើមសំរ៉ងផងដែរ។
ដើម្បីថែរក្សាដើមសំរ៉ង និងការប្រមូលផលអនុផលផ្លែសំរ៉ងប្រកបដោយនិរន្តរភាព ព្រមទាំង ចូលរួមការពារ ព្រៃសហគមន៍តំបន់ការពារធម្មជាតិ និងតំបន់ឧទ្យានជាតិវីរៈជ័យ ឲ្យបានគង់វង្សយូរអង្វែង រដ្ឋបាលស្រុកវើនសៃ បានណែនាំ ដោយហាមឃាត់រាល់ការប្រមូលផ្លែសំរ៉ងខ្ចី ដោយការបំផ្លាញដើមសំរ៉ងតាមគ្រប់រូបភាព, ហាមនាំចូលឧបករណ៍ខុសច្បាប់ អាវុធជាតិផ្ទុះ និងឧបករណ៍សង្ស័យអាចបង្កជាបទល្មើស មហន្តរាយ ដល់ធនធានធម្មជាតិ (ដើមសំរ៉ង) ដូចជា រណាយន្ត រណាដៃ ពូថៅ ចូលទៅក្នុង ព្រៃសហគមន៍តំបន់ ការពារធម្មជាតិ នៃឧទ្យានជាតិវីរៈជ័យ និង ហាមឃាត់ដាច់ខាតថៅកែ ឬឈ្មួញកណ្តាលប្រមូលទិញផ្លែសំរ៉ងខ្ចី (ជាំខ្មៅ)។
ក្រៅពីនេះ រដ្ឋបាលស្រុកក៏បានណែនាំដល់អ្នកទិញផ្លែសំរ៉ងលក់ដូរក្នុងស្រុក និងនាំចេញក្រៅស្រុកត្រូវមកទំនាក់ទំនង និងសហការ ជាមួយរដ្ឋបាលស្រុកវើនសៃ ដើម្បីធានាមិនទិញសំរ៉ងខ្ចី ដែលជាកត្តាជំរុញការកាប់ដើមសំរ៉ង ដោយបញ្ជាក់ថា៖«ក្នុងករណីរកឃើញមានការប្រព្រឹត្តល្មើស ផ្ទុយនឹងការណែនាំខាងលើ ស្ថាប័នមានសមត្ថកិច្ច នឹងអនុវត្ត វិធានការតាមផ្លូវច្បាប់ជាធរមាន»៕
អត្ថបទដែលជាប់ទាក់ទង