ប្រធានាធិបតីកូឡុំប៊ី៖ ជម្លោះ និងសង្គ្រាមសព្វថ្ងៃ ភាគច្រើនមានប្រភពចេញពីការដណ្ដើមធនធានប្រេង

កូឡុំប៊ី៖ ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) បានលើកឡើងថា ជម្លោះ និងសង្គ្រាមដែលពិភពលោកកំពុងប្រឈមមុខសព្វថ្ងៃ ភាគច្រើនមានប្រភពចេញពីការដណ្ដើមធនធានប្រេងឥន្ធនៈ។ លោកសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមថាមពលប្រេង មិនត្រឹមតែមិនផ្ដល់ផលចំណេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងបំផ្លាញអរិយធម៌ និងបរិស្ថានសកលយ៉ាងធ្ងន់ធ្ងរទៀតផង ។

ដើម្បីដោះស្រាយបញ្ហានេះ លោក Petro បានដាក់ចេញនូវគោលនយោបាយផ្លាស់ប្តូរសេដ្ឋកិច្ចកូឡុំប៊ី ពីការរំពឹងលើការជីកយកធនធានធម្មជាតិ ដូចជាប្រេង និងធ្យូងថ្ម មកជាសេដ្ឋកិច្ចផលិតកម្មដែលផ្ដោតលើថាមពលស្អាតវិញ។ លោកជឿជាក់ថា ការកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល គឺជាផ្លូវតែមួយគត់ដើម្បីសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។

ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុ មេដឹកនាំរូបនេះបានព្រមានថា ការសាយភាយចេញនៃសារធាតុអ៊ីដ្រូកាបូនទៅក្នុងបរិយាកាស គឺជាឃាតករសម្លាប់មនុស្សជាតិ និងជីវិតសត្វលោក។ លោកបានជំរុញឱ្យមានការឈប់ប្រើប្រាស់កាបូន ឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងគ្រោះធម្មជាតិដូចជាទឹកជំនន់ធំៗ ដែលវាយប្រហារតំបន់ជាច្រើនក្នុងប្រទេសកូឡុំប៊ីនាពេលបច្ចុប្បន្ន ។

ទោះជាយ៉ាងណាក្ដី លោកបញ្ជាក់ថា ការផ្លាស់ប្តូរនេះ មិនមែនមានន័យថាត្រូវបញ្ឈប់ការជីកយករ៉ែទាំងស្រុងភ្លាមៗនោះទេ ព្រោះវិស័យឧស្សាហកម្ម និងកសិកម្មនៅតែត្រូវការវត្ថុធាតុដើម។ អ្វីដែលលោកចង់បាន គឺការជីកយកធនធានរ៉ែដោយការទទួលខុសត្រូវ និងបង្វែរឧស្សាហកម្មរ៉ែខ្នាតតូច ឱ្យទៅជាអ្នកបង្កើតថាមពលកកើតឡើងវិញ ដើម្បីរក្សាតុល្យភាពរវាងសេដ្ឋកិច្ច និងការការពារភពផែនដី ៕

ប្រភព៖ VIORY | រូបភាព៖ NTN24 & Columbia University on Microsoft Bing

អត្ថបទដែលជាប់ទាក់ទង