បង្ក្រាបបទល្មើស Online Scam នៅខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៤៩នាក់
(ព្រះសីហនុ)៖ កាលពីថ្ងៃទី៨ និងខែមេសា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam និងការត្រួតពិនិត្យការស្នាក់នៅមិនស្របច្បាប់ របស់ជនបរទេស ១០ទីតាំងផ្សេងគ្នាស្ថិតក្នុងភូមិសាស្រ្តខេត្ត។
ជាលទ្ធផលក្នុងចំណោម ១០ទីតាំងនេះ សមត្ថកិច្ចរកឃើញអគារមួយកន្លែងស្ថិតនៅក្រោយសណ្ឋាគារ «អ៊ូថុង» ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺមានជាប់ពាក់ព័ន្ធករណី online scam ដោយឃាត់ខ្លួន ជនបរទេសចំនួន៤៩នាក់ និងដកហូតទូរសព្ទដៃ ៤៣៥គ្រឿង, កុំព្យូទ័រលើតុ ៧៥គ្រឿង និងកុំព្យូទ័រយួរដៃ៥គ្រឿង។
ចំណែកក្នុងអគារហ័រធីងអ៊ីនយៀកសឹងទៀន ស្ថិតនៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ក្រុមសមត្ថកិច្ចបានចុះបង្ក្រាបអគារមួយកន្លែងទៀតជាប់កាស៊ីណូហ្សុងហ័ររី ដោយរកមិនឃើញមនុស្សស្នាក់នៅទេ ប៉ុន្តែសមត្ថកិច្ច បានដកហូតបានវត្ថុតាងមានដូចជា ទូរសព្ទដៃចំនួន ១,៥០០គ្រឿង, ម៉ូនីទ័រ ១៤៥គ្រឿង និងរថយន្ត ៥គ្រឿង។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៩។
ចំណែកការចុះប្រតិបត្តិការនៅកាស៊ីណូ «ហ្សុងហ័ររី ហ្គោលដិន សេន» ស្ថិតក្នុងសង្កាត់លេខ៤ ក្រុមការងារសមត្ថកិច្ចបានរកឃើញមនុស្សសរុប ១០៤នាក់ (ស្រី្ត ១៧នាក់) ក្នុងនោះមានលិខិតឆ្លងដែន ៧៥នាក់។ វត្ថុតាងដែលត្រូវបានរឹបអូស មានកុំព្យូទ័រលើតុ ចំនួន ៣០គ្រឿង, ម៉ូនីទ័រ ៩គ្រឿង, ម៉ាស៊ីន CPU ៩គ្រឿង និងទូរសព្ទដៃចំនួន ៧២គ្រឿង។
បច្ចុប្បន្នជនបរទេស ៣៥នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញ ចំណែក ៦៩នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យទិញសំបុត្រយន្តហោះដើម្បីចាកចេញពីកម្ពុជា។
ក្នុងថ្ងៃដដែល ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ នៅសណ្ឋាគារ ប៉ាមីស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៤នាក់ (គ្មានលិខិតឆ្លងដែន) និងម្នាក់ទៀតពាក់ព័ន្ធ ករណីគ្រឿងញៀន,នៅអគារផ្ទះវិឡា បុរីអូរ៣ សុខសាន្ត ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជនបរទេស១៥នាក់ (ស្ត្រីនាក់) ស្នាក់នៅក្នុងនោះឃាត់ខ្លួនជនជាតិចិន១នាក់ និងជនជាតិប៉ាគីស្ថាន១ នាក់ (គ្មានលិខិតឆ្លងដែន) រួមទាំងដកហូតកុំព្យូទ័រមួយចំនួន និងនៅសណ្ឋាគារ ម៉ារីប៊ិចស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជនបរទេស១១នាក់ស្នាក់នៅក្នុងនោះក្រុមការងារឃាត់ខ្លួនជនជាតិវៀតណាម ១ នាក់ ករណីពុំមានលិខិតឆ្លងដែន។
គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានអនុវត្តការត្រួតពិនិត្យទីតាំងស្នាក់នៅសរុបចំនួន ៧៧៤ ទីតាំង ក្នុងនោះបានបង្ក្រាបទីតាំងពាក់ព័ន្ធនឹង Online Scams បានចំនួន ២៨ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន ១៦ទីតាំង។
លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប. ) បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ដោយឡែកចំពោះម្ចាស់ផ្ទះ ឬអគារ ត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែងទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។
គួររម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា។ ជាមួយច្បាប់នេះ បទល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បី ធានាដល់ប្រសិទ្ធភាព ក្នុងការអនុវត្ត គឺរួមមាន៖ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូត ដល់ ១ជីវិត និងពិន័យជាប្រាក់ ដល់ទៅ ១ ០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕
