កម្ពុជា និងរុស្ស៊ី បន្តបញ្ជាក់ពីការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ

មន្ត្រីការទូតកម្ពុជា និងរុស្ស៊ី បានបញ្ជាក់ឡើងវិញពីការគាំទ្រគ្នាទៅវិញទៅមករវាងកម្ពុជា និងរុស្ស៊ី ក្នុងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ។

នៅក្នុងជំនួបសន្ទនា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ រវាងលោក កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា និងលោក Gennady Gatilov តំណាងអចិន្រ្តៃយ៍រុស្សី ដែលប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ភ្ជាប់គ្នានេះ ភាគីទាំងពីរ បានបញ្ជាក់ពីការបន្តគាំទ្រគ្នាទៅវិញទៅមកលើវិស័យដែលផ្តល់ផលប្រយោជន៍រួមក្នុងវេទិកាពហុភាគី ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសុខភាពពិភពលោក និងអង្គការពលកម្មអន្តរជាតិ។

ជំនួបខាងលើនេះ លោក កែ សុវណ្ណ ក៏បានសម្តែងការវាយតម្លៃខ្ពស់ចំពោះជំនួយដ៏មានតម្លៃ ដែលផ្តល់ដោយសហភាពសូវៀតចំពោះកម្ពុជា បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាការបន្តគាំទ្រការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈអាហារូបករណ៍នានាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង