ផ្ទះឈើ ១០០០ ខ្នងត្រូវភ្លើងឆេះនៅក្នុងភូមិឆ្នេរសមុទ្រ លើកោះ Borneo ម៉ាឡេស៊ី

អគ្គីភ័យដ៏ធំមួយបានឆាបឆេះបំផ្លាញផ្ទះឈើលើទឹករបស់ប្រជាជនម៉ាឡេស៊ីប្រហែល ១០០០ ខ្នង ចំណែកមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ នេះបើតាមអាជ្ញាធរម៉ាឡេស៊ី

នៅព្រឹកថ្ងៃអាទិត្យទី១៩ មេសា អគ្គីភ័យមួយបានឆាបឆេះឡើងនៅក្នុងភូមិលើទឹក មួយក្នុងស្រុក Sandakan ភាគឦសាននៃរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី ជាកន្លែងដែលមានប្រជាជនក្រីក្របំផុត រួមទាំងសហគមន៍ជនជាតិដើមភាគតិច កំពុងរស់នៅក្នុងផ្ទះឈើ ដែលមានមនុស្សរស់នៅយ៉ាងណែន។

លោក George Abd Rakman អធិការប៉ូលីស Sandakan ត្រូវបានដកស្រង់សម្តីដោយកាសែត The Star បានឱ្យដឹងថា ឧប្បត្តិហេតុទ្រង់ទ្រាយធំ និងគួរឱ្យសោកសៅមួយនេះ បានប៉ះពាល់ដល់ប្រជាជន ចំនួន ៩០០៧ នាក់។

នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ Sabah បាននិយាយថា ខ្លួនត្រូវបានជូនដំណឹង​អំពីឧប្បត្តិហេតុនេះនៅម៉ោងប្រហែល ១:៣០ ព្រឹក ហើយបានដាក់ពង្រាយបុគ្គលិកចំនួន ៣៧ នាក់មកពីស្ថានីយ៍ពីរដើម្បីពន្លត់អគ្គីភ័យ។

នាយកដ្ឋានពន្លត់អគ្គីភ័យបានឱ្យដឹងទៀតថា “អគ្គីភ័យ​នេះ​បានផ្ទះ​បណ្តែត​ទឹក​ប្រមាណ ១០០០ ខ្នង ដែល​មាន​ផ្ទៃដី​សរុប ១០ ហិកតា ពោលគឺឆាប​ឆេះ​អស់ ១០០% ដោយសារផ្លូវ​ចូល​តូចចង្អៀត ​ធ្វើឱ្យ​រថយន្ត​ពន្លត់​អគ្គីភ័យ​មិន​ឲ្យ​ទៅ​ដល់​កន្លែង​កើតហេតុ ស្របពេល​ខ្យល់​បក់​ខ្លាំង ​បាន​ជំរុញ​ឲ្យ​អណ្តាតភ្លើង​ឆាបឆេះ​កាន់តែខ្លាំងឡើងផង​ដែរ។ បើតាមនាយកដ្ឋានពន្លត់អគ្គីភ័យ គ្មាន​អ្នក​រងរបួស ឬ​ស្លាប់​ត្រូវ​បាន​រាយការណ៍​ទេ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Anwar Ibrahim បាន​និយាយ​ថា រដ្ឋាភិបាល​សហព័ន្ធ​កំពុង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ Sabah ដើម្បី​ផ្តល់​ជំនួយ និង​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​សម្រាប់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ លោក Anwar បាន​​រ​បង្ហោះ​លើ​ហ្វេសប៊ុក​ថា “អាទិភាព​ឥឡូវនេះ​គឺ​សុវត្ថិភាព​របស់​ជនរងគ្រោះ និង​ជំនួយ​ភ្លាមៗ​នៅ​នឹង​កន្លែង”៕

អត្ថបទដែលជាប់ទាក់ទង