អភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា

អភិបាលរាជធានីភ្នំពេញណែនាំឱ្យមន្ត្រី និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតលើកិច្ចការរក្សាសន្តិសុខ និងការងារនានា។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រី និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ខណៈដែលថ្នាក់ដឹកនាំបានកោតសរសើរចំពោះការអនុវត្តការងារកន្លងមកបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងការងារអនាម័យបរិស្ថានជាដើម។

ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ការកោតសរសើរ ពីថ្នាក់ដឹកនាំជាតិ គឺបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់មន្ត្រី និងកងកម្លាំង ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថា មន្ត្រីរាជការ ជាអ្នកបំរើរាស្ត្រ។ ជាក់ស្តែង សម្រាប់ព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញកន្លងមកនេះ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងការងារ អនាម័យបរិស្ថាន គឺគ្រប់ផ្នែកអនុវត្តបានល្អ ទទួលបានការកោតសរសើរ ហើយចំពោះការអនុវត្តការងារសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំផងដែរ ដូច្នេះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង