កូរ៉េខាងជើង បើក «សារមន្ទីរសង្គ្រាមថ្មី» តាំងបង្ហាញអាវុធ ដែលយកបានពីសមរភូមិអ៊ុយក្រែន
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ប្រទេសកូរ៉េខាងជើង បានបើកសម្ពោធ «សារមន្ទីរអនុស្សាវរីយ៍នៃប្រតិបត្តិការយោធាបរទេស» ដែលជាកន្លែងដាក់តាំងបង្ហាញនូវគ្រឿងយុទ្ធោបករណ៍ទំនើបៗ ដែលរឹបអូសបានពីសមរភូមិក្នុងប្រទេសអ៊ុយក្រែន។
យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) នៅក្នុងសារមន្ទីរនោះ មានតាំងបង្ហាញនូវរថក្រោះខ្លាំងៗដូចជា Leopard 2A4 និង M1A1 Abrams រួមទាំងរថពាសដែក និងយានយន្តយោធាជាច្រើនប្រភេទទៀត ដែលជារបស់បណ្តាប្រទេសលោកខាងលិច។
នៅក្នុងពិធីសម្ពោធដ៏ឱឡារិកនេះ មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានអមដំណើរដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrei Belousov ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមដោយផ្ទាល់។ វត្តមានរបស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីរូបនេះ គឺដើម្បីបញ្ជាក់ពីចំណងមិត្តភាព និងការដឹងគុណចំពោះកងទ័ពកូរ៉េខាងជើង ដែលបានចូលរួមប្រយុទ្ធយ៉ាងសកម្មនៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។ លោក គីម ជុងអ៊ុន ខ្លួនឯង ក៏ធ្លាប់បានចុះទៅពិនិត្យការដ្ឋានសាងសង់សារមន្ទីរនេះផ្ទាល់ កាលពីខែកុម្ភៈ ដើម្បីរៀបចំឲ្យទីតាំងនេះក្លាយជាភស្តុតាងនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។
គួររំលឹកផងដែរថា វត្តមានកងទ័ពកូរ៉េខាងជើងនៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមលេចឮតាំងពីចុងឆ្នាំ២០២៤ មកម៉្លេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានទាហានប្រមាណ ១ ៥០០នាក់ត្រូវបានបញ្ជូនទៅជួយរុស្ស៊ី។ រហូតមកដល់ដើមឆ្នាំ២០២៥ កងទ័ពអ៊ុយក្រែន ក៏ធ្លាប់បានចាប់ខ្លួនទាហានកូរ៉េខាងជើងបានជាលើកដំបូងផងដែរ។ ទោះបីជាដំបូងឡើយ ទាំងរុស្ស៊ី និងកូរ៉េខាងជើងបានព្យាយាមលាក់បាំងរឿងនេះ ប៉ុន្តែនៅទីបំផុតពួកគេបានទទួលស្គាល់ជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ២០២៥ ដោយផ្អែកលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
តាមទិន្នន័យពីភ្នាក់ងារចារកម្មលោកខាងលិច ចំនួនកងទ័ពកូរ៉េខាងជើងដែលបានបញ្ជូនទៅជួយរុស្ស៊ី បានកើនឡើងរហូតដល់ប្រមាណ ១២ ០០០នាក់។ ការបើកសារមន្ទីរដាក់តាំងអាវុធមួយនេះ ត្រូវបានគេមើលឃើញថា ជាការបង្អួតពីជោគជ័យនៃកិច្ចសហការយោធារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ និងជាសារនយោបាយមួយផ្ញើទៅកាន់បណ្តាប្រទេសលោកខាងលិច ដែលកំពុងជួយអ៊ុយក្រែនផងដែរ៕
