អ៊ីរ៉ង់ ប្រកាសថា សង្គ្រាមមិនទាន់ចប់ទេ គ្រាន់តែស្ងប់ស្ងាត់មួយរយៈប៉ុណ្ណោះ
ស្របពេលដែលស្ថានភាពរវាងមហាអំណាចទាំងពីរហាក់មានភាពស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Mohammad Akraminia បានចេញមកអះអាងកាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ថា ប្រទេសអ៊ីរ៉ង់ នៅតែចាត់ទុកខ្លួនឯង ស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយសហរដ្ឋអាមេរិកដដែល។
តាមការផ្សាយរបស់សារព័ត៌មាន CGTN លោក Akraminia បានបញ្ជាក់ថា អ៊ីរ៉ង់មិនដែលទុកចិត្តអាមេរិក និងសត្រូវឯទៀតឡើយ ហើយរាល់ថ្ងៃនេះ កងទ័ពអ៊ីរ៉ង់នៅតែបន្តកំណត់គោលដៅវាយប្រហារ និងត្រៀមលក្ខណៈឲ្យបានហ្មត់ចត់បំផុត ហាក់បីដូចជាកំពុងស្ថិតក្នុងសមរភូមិពិតៗអ៊ីចឹងដែរ ដោយលោកសង្កត់ធ្ងន់ថា ការឈប់បាញ់នាពេលកន្លងមក គ្រាន់តែជាការផ្អាកសំឡេងគ្រាប់កាំភ្លើងបណ្ដោះអាសន្នតែប៉ុណ្ណោះ។
នៅថ្ងៃដដែលនោះដែរ ខាងភាគីសហរដ្ឋអាមេរិកក៏មិនបានថយដៃនោះទេ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទត្រៀមលក្ខណៈសម្រាប់ការបិទខ្ទប់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែងថែមទៀត ខណៈដែលការចរចាសន្តិភាពកំពុងជួបភាពទាល់ច្រក។ មូលហេតុចម្បងគឺដោយសារលោក ត្រាំ មិនពេញចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់។ តាមរបាយការណ៍ពីសារព័ត៌មាន CNN ដោយសារតែសម្ពាធនេះ អ៊ីរ៉ង់ទំនងជានឹងត្រូវបង្ខំចិត្តរៀបចំផែនការសន្តិភាពថ្មីមួយទៀត ដើម្បីដាក់ជូនអ្នកសម្របសម្រួល នៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីព្យាយាមដោះស្រាយវិបត្តិ។
ក្រៅពីយុទ្ធសាស្ត្របិទខ្ទប់ផ្លូវទឹក និងផ្លូវអាកាស សហរដ្ឋអាមេរិក ក៏បានបន្ថែមសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមួយកម្រិតទៀតផងដែរ។ កាលពីថ្ងៃអង្គារ ក្រសួងការបរទេសអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីទៅលើបុគ្គល និងស្ថាប័នចំនួន ៣៥ ដែលមានការពាក់ព័ន្ធនឹងសកម្មភាពហិរញ្ញវត្ថុរបស់ប្រទេសអ៊ីរ៉ង់។ វិធានការនេះ បង្ហាញឲ្យឃើញថា អាមេរិកកំពុងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីរឹតបន្តឹងដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ឲ្យកាន់តែខ្លាំង ខណៈដែលភាគីទាំងពីរនៅតែរក្សាជំហរតឹងរ៉ឹងដាក់គ្នាទៅវិញទៅមកមិនព្រមចុះចាញ់ឡើយ៕