លោក ដូណាល់ ត្រាំ ប្រាប់ ណេតាន់យ៉ាហ៊ូ ឱ្យកំណត់គោលដៅជាក់លាក់ ចៀសវាងបង្កសង្គ្រាមធំនៅលីបង់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា អ៊ីស្រាអែលគួរតែចាត់វិធានការលើយោធាមានដែនកំណត់ និងច្បាស់លាស់បំផុត ជាជាងបង្កសង្គ្រាមទ្រង់ទ្រាយធំ ក្នុងប្រទេសលីបង់ ជៀសវាងការបន្តសង្គ្រាមឡើងវិញទាំងស្រុង។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន Axios កាលពីថ្ងៃពុធ និងដកស្រង់ដោយភ្នាក់ងារសារព័ត៌មានតួកគី Anadolu ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ។
លោក ត្រាំ ប្រាប់ Axios ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ « ខ្ញុំបានប្រាប់ លោក ណេតាន់យ៉ាហ៊ូ ថា គាត់ត្រូវតែធ្វើវាវះកាត់[តាមកន្លែង] បន្ថែមទៀត។ មិនមែនវាយកម្ទេចអគារទេ។ គាត់មិនអាចធ្វើវាបានទេ។ វាគួរឱ្យខ្លាចពេក ហើយធ្វើឱ្យអ៊ីស្រាអែលមើលទៅអាក្រក់»។
លោក ត្រាំ ក៏បានលើកឡើងថា ខ្លួនចូលចិត្តប្រទេសលីបង់ និងថ្នាក់ដឹកនាំ ហើយគិតថាប្រទេសនេះអាចងើបឡើងវិញបាន[ទាំងសេដ្ឋកិច្ច សណ្តាប់ធ្នាប់ នយោបាយ…]។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបន្តថា៖ « អ៊ីរ៉ង់បានបំផ្លាញប្រទេសលីបង់! តំណាងរបស់ពួកគេ (ហេសបូឡា) បានបំផ្លាញប្រទេសលីបង់! នៅពេលអ៊ីរ៉ង់ត្រូវបានកម្ចាត់ចេញ ក្រុមហេសបូឡានឹងត្រូវកម្ចាត់ចេញដោយស្វ័យប្រវត្តិ»។
គួរបញ្ជាក់ថា បទឈប់បាញ់រវាងលីបង់-អ៊ីស្រាអែលចាប់ផ្តើមនៅថ្ងៃទី១៧ ខែមេសា ក្រោយមកត្រូវបានពង្រីករហូតដល់ថ្ងៃទី១៧ ខែឧសភា ប៉ុន្តែនៅតែបន្តរំលោភបំពាន ដោយអ៊ីស្រាអែលធ្វើការវាយប្រហារឥតឈប់។ ជាពិសេស បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស និងការបំផ្លិចបំផ្លាញផ្ទះសម្បែងយ៉ាងច្រើន នៅក្នុងភូមិរាប់សិបនៅភាគខាងត្បូងប្រទេសលីបង់។
យោងតាមតួលេខផ្លូវការរបស់លីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី២ ខែមីនា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ ៥៣៤នាក់ របួស ៧ ៨៦៣នាក់ និងផ្លាស់ទីលំនៅជាង ១.៦លាននាក់៕