សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត អបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ន​ៃកម្ពុជា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»។

ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម, និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ។

ឈរលើស្មារតីនេះ រាជរដ្ឋាភិបាល មិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការទាក់ទាញវិនិយោគ ដើម្បីជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចជាតិ, បង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆតាខ្ពស់ ក្នុងការកសាង ប្រព័ន្ធសេដ្ឋកិច្ចមួយដែលមានស្ថិរភាពយូរអង្វែង និងការបង្កើតការងារសមរម្យប្រកបដោយបរិយាបន្ន ដើម្បីនាំមកនូវសេចក្តីសុខក្សេមក្សាន្ត និងវិបុលភាពជូនប្រជាពលរដ្ឋគ្រប់រូប ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព៕

 

អត្ថបទដែលជាប់ទាក់ទង