ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរជាងមុន ក្រុមគ្រូពេទ្យ ព្រះបរមរាជានុញ្ញាតថ្វាយព្រះករុណាស្ដេចយាងចេញពីមន្ទីរពេទ្យវិញហើយនៅថ្ងៃទី០១ ឧសភានេះ

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះបរមរាជានុញ្ញាតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចេញពីមន្ទីរពេទ្យវិញហើយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីទទួលបានការព្យាបាលព្រះរោគដោយការវះកាត់អស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ។ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ ប៉េកាំង ព្រះបរមរាជានុញ្ញាតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបន្តគង់ប្រថាប់នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង និងយាងទៅមន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បីពិនិត្យតាមដាន ថ្វាយព្រះឱសថ និងថែទាំព្រះរាជសុខភាពមួយរយៈពេលទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងចេញនាព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា នេះ។

ក្រសួងព្រះបរមរាជវាំងបញ្ជាក់ថា ក្រោយពីទទួលបានការព្យាបាលព្រះរោគដោយការវះកាត់អស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានគង់ប្រថាប់ដើម្បីពិនិត្យ និងថែទាំព្រះរាជសុខភាពក្រោមការពិនិត្យតាមដានថែទាំយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុតពីថ្នាក់ដឹកនាំ លោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ននេះយោងលើវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរជាបណ្តើរៗ។

ព្រះមហាក្សត្រកម្ពុជា ព្រះអង្គមានព្រះរោគ​មហារីកនៅ​ក្រពេញប្រូស្តាត (Prostate Cancer) ដោយក្រុមវេជ្ជបណ្ឌិតចិន តម្រូវព្រះអង្គទទួលការព្យាបាលព្រះរោគដោយការវះកាត់។ ព្រះមហាក្សត្រកម្ពុជា ទទួលបានការវះកាត់ដោយជោគជ័យពីក្រុមវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យប៉េកាំង នៅព្រឹកថ្ងៃទី២០ ខែមេសា។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសូមថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយ-ប្រគេនសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជា ពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះសព្ទសាធុការពរ និងបួងសួងគុណព្រះរតនត្រ័យ សូមឱ្យព្រះអង្គបានឆាប់ជាសះស្បើយពីព្រះរោគាពាធ និងសូមឆាប់បានយាងនិវត្តមកកាន់មាតុប្រទេសវិញ ប្រកបដោយព្រះបរមសុខក្សេមក្សាន្តជារៀងរហូតតទៅ៕

អត្ថបទដែលជាប់ទាក់ទង