អ៊ីស្រាអែល ប្រកាសថា ត្រៀមលក្ខណៈសឹករួច​ហើយ ដើម្បី​វាយអ៊ីរ៉ង់

សារព័ត៌មាន Times of Israel បាន​ចុះផ្សាយ​នា​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៦ នេះ​ ថា ប្រទេសអ៊ីស្រាអែល កំពុង​បង្កើន​ការត្រៀមខ្លួន សម្រាប់សង្គ្រាមជាថ្មីជាមួយអ៊ីរ៉ង់។ ការត្រៀមលក្ខណៈនេះ កើតឡើងចំពេលមានសញ្ញាថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តែខិតជិតដល់ការសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាសាជាថ្មី ដើម្បីបង្ខំឲ្យ​អ៊ីរ៉ង់ចុះចាញ់ និងបញ្ចប់ជម្លោះ ដែលកំពុងអូសបន្លាយ។

តាមសេចក្តីរាយការណ៍ពីទូរទស្សន៍អ៊ីស្រាអែល មន្ត្រីជាន់ខ្ពស់របស់អាមេរិក និងអ៊ីស្រាអែល បានពិភាក្សាគ្នាយ៉ាងស្អិតរមួតអំពីជម្រើសយោធាជាច្រើន រួមទាំងការវាយប្រហារលើរោងចក្រហ្គាស ថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ដើម្បីបង្កើនសម្ពាធនៅច្រកសមុទ្រហ័រមូស។ អ្វីដែលកាន់តែគួរ​ឲ្យ​ចាប់អារម្មណ៍នោះ គឺមានព័ត៌មានថា យោធាអាមេរិក បានស្នើសុំដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ «Dark Eagle» ដែលជាបច្ចេកវិទ្យាថ្មីបំផុតមិនធ្លាប់យកមកប្រើក្នុងសមរភូមិពីមុនមក ដើម្បីកម្ទេចទីតាំងបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ដែលបានផ្លាស់ទីទៅឆ្ងាយ។

ក្រៅពីការវាយប្រហារតាមអាកាស លោក ត្រាំ ក៏កំពុងពិចារណាលើផែនការបញ្ជូនកងទ័ពជើងគោក ឲ្យ​ទៅកាន់កាប់ផ្នែកខ្លះនៃច្រកសមុទ្រហ័រមូស ដើម្បីបើកផ្លូវឲ្យ​នាវាដឹកជញ្ជូនទំនិញអាចធ្វើដំណើរបានឡើងវិញ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានថា ទោះបីជាពួកគេគាំទ្រការចរចា ប៉ុន្តែអ៊ីស្រាអែលអាចនឹងត្រូវបង្ខំចិត្តធ្វើសកម្មភាពម្តងទៀត ដើម្បីកម្ចាត់ការគំរាមកំហែងដល់អត្ថិភាពរបស់ខ្លួន ដែលបង្កឡើងដោយរបបអ៊ីស្លាមអ៊ីរ៉ង់។

ងាកមកខាងអ៊ីរ៉ង់វិញ មេដឹកនាំយោធាជាន់ខ្ពស់បានឆ្លើយតបវិញ ដោយការគំរាមថា សូម្បីតែការវាយប្រហារតូចតាចណាមួយពីសត្រូវ ក៏នឹងត្រូវជួបការសងសឹកវិញដោយការវាយប្រហារដ៏ឈឺចាប់ និងអូសបន្លាយពេលយូរផងដែរ។ ប្រធានាធិបតីអ៊ីរ៉ង់ បានចាត់ទុកការបិទខ្ទប់កំពង់ផែដោយអាមេរិកថា ជាសកម្មភាពសង្គ្រាម ដែលមិនអាចអត់ឱនឲ្យបាន។

ជម្លោះដែលកាន់តែក្តៅគគុកនេះ បានធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំ គឺរហូតដល់ ១២៦ដុល្លារក្នុងមួយបារ៉ែល។ ស្ថានភាពនេះ កំពុងដាក់សម្ពាធលើលោក ត្រាំ យ៉ាងខ្លាំងក្នុងស្រុក ព្រោះប្រជាជនអាមេរិកមិនសូវគាំទ្រសង្គ្រាម ដែលធ្វើឲ្យ​តម្លៃសាំងឡើងថ្លៃនោះទេ។ ទោះបីជាមានការប៉ុនប៉ងចរចាដោយប្រយោល ប៉ុន្តែភាគីទាំងពីរនៅតែមិនទាន់ចុះសម្រុងគ្នា ជាពិសេសលើបញ្ហានុយក្លេអ៊ែរ ដែលធ្វើឲ្យ​ការផ្ទុះអាវុធជាថ្មីអាចកើតឡើងគ្រប់វិនាទី៕

អត្ថបទដែលជាប់ទាក់ទង