សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ចំណងដៃផ្លូវលំមួយខ្សែ ជូនប្រជាពលរដ្ឋនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក
(កំពង់ធំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ចំណងដៃផ្លូវលំមួយខ្សែជូនប្រជាពលរដ្ឋនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។
ពិធីបើកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងារបក្សប្រជាជនចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងមានការអញ្ជើញចូលរួមពីក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយស្រុកប្រាសាទបល្ល័ង្ក ក៏ដូចជាមន្ត្រីបក្សស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងពិធីខាងលើ បានបង្ហាញនូវក្តីសប្បាយរីករាយចំពោះចំណងដៃផ្លូវលំមួយខ្សែនេះ ព្រោះជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់។
លោកអ្នកឧកញ៉ា ទ្រី ភាព បានថ្លែងឱ្យដឹងថា ផ្លូវលំមួយខ្សែនេះ ជាចំណងដៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកអ្នកឧកញ៉ា បានថ្លែងបន្តថា សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងផ្សារភ្ជាប់ក្តីនឹករលឹក និងសុខទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង។ ផ្លូវលំមួយខ្សែនេះ គឺជាការគិតគូររបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានា។
លោកអ្នកឧកញ៉ា ទ្រី ភាព បានសង្កត់ធ្ងន់ថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។ សមិទ្ធផលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងក្លាយជាចលករជំរុញសេដ្ឋកិច្ចមូលដ្ឋានយ៉ាងរឹងមាំ តាមរយៈការផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានឆាប់រហ័ស ជួយកាត់បន្ថយការចំណាយ និងរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
សូមបញ្ជាក់ថា នេះគឺជាសមិទ្ធផលធំទី២ហើយ បន្ទាប់ពីគម្រោងទី១ ដែលលោកអ្នកឧកញ៉ា បានផ្តល់ជូនកាលពីពេលកន្លងមក គឺការឈូសឆាយ និងក្រាលគ្រួសក្រហមលើផ្លូវលំចំនួន ១០៦ខ្សែ សរុបប្រវែង ២១៥គីឡូម៉ែត្រ នៅក្នុងឃុំសាលាវិស័យ។
ដោយឡែកបន្ទាប់ពីបញ្ចប់ពិធីបើកការដ្ឋាន លោកអ្នកឧកញ៉ាបណ្ឌិត ក៏បានបន្តដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្កថ្មី ដើម្បីធានាឱ្យបាននូវគុណភាព និងសោភ័ណភាព ត្រៀមបម្រើការងារជូនប្រជាពលរដ្ឋ និងគណបក្សនាពេលខាងមុខ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអ្នកឧកញ៉ា និងលោកជំទាវ ក៏បាននាំយកនូវអំណោយចែកជូនដល់ថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលបានចូលរួមសរុបប្រមាណ ៤.០០០នាក់ ដោយមានជាថវិកា និងអង្ករចំនួន ១០តោន ដែលសរុបការចំណាយអស់ប្រមាណ ២៥៥លានរៀល៕
