សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ បាន​ចាត់​ទុក​សកម្មភាព​ដែល​យក​ស្លាក​ព័ត៌មាន​ទៅ​បិទ​បាំង​សកម្មភាព​ល្មើស​ច្បាប់​ ឬ​បម្រើ​ឱ្យ​របៀបវារៈ​របស់​ក្រុមអមិត្ត​គឺ​ជា​ទង្វើ​បំផ្លាញ​ជាតិ ដែល​ «មិន​អាច​អត់​ឱន​ឱ្យ​បាន​ឡើយ​»

នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ បាន​ចាត់​ទុក​សកម្មភាព​ដែល​យក​ស្លាក​ព័ត៌មាន​ទៅ​បិទ​បាំង​សកម្មភាព​ល្មើស​ច្បាប់​ ឬ​បម្រើ​ឱ្យ​របៀបវារៈ​របស់​ក្រុមអមិត្ត​គឺ​ជា​ទង្វើ​បំផ្លាញ​ជាតិ ដែល​ «មិន​អាច​អត់​ឱន​ឱ្យ​បាន​ឡើយ​»

ក្នុង​លិខិត​អប​អរ​ទិវា​សេរីភាព​សារព័ត៌មាន​៣ ឧសភា ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា​ សេរីភាព​សារព័ត៌មាន​មិន​មែន​ត្រឹម​តែ​ជា​សិទ្ធិ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ជា​សមត្ថភាព​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​សន្ដិសុខ​ព័ត៌មាន​និង​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ការ​គោរព​ច្បាប់ ក្រម​សីលធម៌ សុចរិតភាពវិជ្ជាជីវៈ ការ​ទទួល​ខុសត្រូវ​សង្គម​ ការ​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ និង​សន្ដិសុខ​ជាតិ​។ ជាមួយ​គ្នា​នោះ​សម្ដេច​បាន​ណែ​នាំ​ដល់​ក្រសួង​ព័ត៌មាន​ឱ្យ​បន្ត​តាមដាន​ វាយ​តម្លៃ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេល​ ចំពោះ​ព័ត៌មាន​បំភ្លៃការ​ពិត និង​ព័ត៌មាន​ក្លែង​ក្លាយ​ និង​ណែនាំ​ដល់​អ្នក​សារព័ត៌មាន​ផងដែរ​កុំ​ឱ្យ​មាន​ការ​យក​ស្លាក​ព័ត៌មាន​ទៅ​បិទ​បាំង​អំពើ​ល្មើស​ច្បាប់ ឬបម្រើ​ឱ្យ​របៀប​វារៈ​របស់​ក្រុម​អមិត្ត​ ដែល​មាន​បំណង​បង្ក​អន្តរាយ​ជាតិ​។

​ក្នុង​លិខិត​នោះ​សម្ដេច​​ថា៖ «នេះ​ជា​ការ​ក្បត់​មនសិកា​វិជ្ជាជីវៈ ដើម្បីផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ដើម្បី​បំផ្លាញ​ជាតិ​ ដែល​ជា​ទង្វើ​មិន​អាច​អត់​ឱន​បាន​ឡើយ​»

សម្ដេច​បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​បន្ត​កសាង​នូវ​ប្រព័ន្ធ​ព័ត៌មាន​ជាតិ​មួយ​ប្រកប​ដោយ​វិជ្ជាជីវៈ មាន​ក្រម​សីលធម៌ គុណភាព ត្រឹមត្រូវ ជឿ​ទុក​ចិត្ត និង​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ស្រប​តាម​ការ​វិវឌ្ឍ​នៃ​បច្ចេក​វិទ្យា​ឌីជីថល​។

គួរ​ឱ្យ​ដឹង​ផងដែរ​ទិវា​សារព័ត៌មាន​ពិភព​លោក​លើក​ទី​៣៣ ឆ្នាំ​២០២៦​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ «ការ​កសាង​អនាគត​មួយ​ប្រកប​ដោយ​សន្ដិភាព​»៕

 

អត្ថបទដែលជាប់ទាក់ទង