ជម្លោះគុយបា-អាមេរិក៖ លោក ត្រាំ ថា នឹងចូលកាន់កាប់គុយបាភ្លាមៗ ក្រោយបញ្ចប់នៅអ៊ីរ៉ង់
ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងចូលកាន់កាប់ប្រទេសគុយបា «ភ្លាមៗ» ដោយបង្ហាញថា នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងអាចត្រូវបានដាក់ពង្រាយនៅឯនាយសមុទ្រ ដើម្បីបង្ខំឱ្យប្រទេសកោះនេះចុះចាញ់។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានតួកគី Anadolu ផ្សាយថ្ងៃទី២ ខែ៥ ឆ្នាំ២០២៦ ។
លោក ត្រាំ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Florida ថា៖ « គុយបា! យើងនឹងចូលកាន់កាប់ស្ទើរតែភ្លាមៗ។ ជនជាតិគុយបាមានបញ្ហា»។

លោក ត្រាំ បានបង្ហាញថា ចលនានេះនឹងធ្វើឡើង បន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដោយលោកនិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់ពង្រាយនាវាចម្បាំងមួយគ្រឿង ពេលត្រឡប់មកពីសង្រ្គាមនៅអ៊ីរ៉ង់វិញ។
លោកមានប្រសាសន៍ថា៖ « នៅតាមផ្លូវត្រឡប់មកពីអ៊ីរ៉ង់វិញ យើងនឹងដាក់នាវាផ្ទុកយន្តហោះធំមួយរបស់យើង ប្រហែលជានាវាផ្ទុកយន្តហោះ USS Abraham Lincoln ដែលធំជាងគេបំផុតនៅលើពិភពលោក! យើងនឹងឱ្យនាវានោះចូលមកឈប់ នៅចម្ងាយប្រហែល ៩០ម៉ែត្រនៅឯនាយសមុទ្រ»។
លោកបន្ថែមទៀតថា៖ « ការបង្ហាញកម្លាំងតែមួយមុខនឹងធ្វើឱ្យប្រទេសគុយបាចុះចាញ់! ពួកគេនឹងនិយាយថា អរគុណច្រើន។ យើង[គុយបាន] ចុះចាញ់ហើយ។ ខ្ញុំចូលចិត្តបញ្ចប់ការងារនេះ»។
លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃសុក្រ ដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គភាពដែលមានទំនាក់ទំនងជាមួយប្រទេសគុយបា ដោយលើកឡើងពីការព្រួយបារម្ភអំពីការគំរាមកំហែងដល់សន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
លោកនិយាយម្តងហើយម្តងទៀតថា៖ « ប្រទេសគុយបាគឺជាប្រទេសបន្ទាប់ បន្ទាប់ពីប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ហើយកោះការ៉ាប៊ីននេះនឹងបរាជ័យឆាប់ៗនេះ »៕