ចិនគូសបញ្ជាក់ពីជំហរប្រឆាំងការលក់អាវុធរបស់អាមេរិកឱ្យតៃវ៉ាន់ មុនទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ
(ប៉េកាំង)៖ នាថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ចិនបានលើកឡើងថា ខ្លួនជំទាស់ជានិច្ចចំពោះការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ឱ្យទៅកោះតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងពិភាក្សាអំពីបញ្ហានេះ អំឡុងដំណើរទស្សនកិច្ចរបស់លោក មកកាន់ទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ត្រាំ នឹងធ្វើដំណើរដល់ទីក្រុងប៉េកាំង នាថ្ងៃពុធសប្តាហ៍នេះ មុនការបើកកិច្ចពិភាក្សាដែលគ្រោងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ វានឹងជាទស្សនកិច្ចលើកដំបូងរបស់លោក មកកាន់ប្រទេសចិន ក្នុងរយៈពេល៩ឆ្នាំ។ លោកប្រធានាធិបតីអាមេរិក បាននិយាយថា លោកនឹងលើកបញ្ហានៃការលក់អាវុធរបស់អាមេរិកឱ្យទៅតៃវ៉ាន់ អំឡុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ហើយលោកបានបង្ហាញភាពជឿជាក់ថា ការផ្ទុះជម្លោះជាមួយចិនជុំវិញបញ្ហាតៃវ៉ាន់ គឺទំនងជានឹងមិនអាចកើតឡើងឡើយ ក្នុងពេលអនាគតខ្លីខាងមុខ។
អំឡុងសន្និសីទសារព័ត៌មានខ្លីប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយយ៉ាងដូច្នេះថា «គោលជំហរប្រឆាំងរបស់ប្រទេសចិន ចំពោះការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ដល់តំបន់តៃវ៉ាន់ គឺមិនដែលផ្លាស់ប្តូរ និងច្បាស់លាស់ជានិច្ច។
គួរបញ្ជាក់ថា ការគាំទ្រផ្នែកការពារជាតិរបស់អាមេរិកចំពោះតៃវ៉ាន់ ជាយូរមកហើយគឺជាប្រភពនៃភាពតានតឹង និងជាបញ្ហាចម្បងមួយ ដែលអាចនាំទៅរកការផ្ទុះជម្លោះជាមួយទីក្រុងប៉េកាំង។ តៃវ៉ាន់ត្រូវបានចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយចិនមិនដែលបោះបង់ចោលលទ្ធភាព នៃការប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងដែនកោះនេះឡើយ ប្រសិនបើចាំបាច់។ កាលពីខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសកញ្ចប់សព្វាវុធតម្លៃរហូតដល់ជាង ១១ពាន់លានដុល្លារសម្រាប់តៃវ៉ាន់ ដែលជាទំហំធំបំផុតក្នុងប្រវត្តិសាស្រ្ត។ ក្នុងខែដដែលនោះ ចិនបានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ផ្តោតលើការហ៊ុមព័ទ្ធកោះតៃវ៉ាន់ ដែលត្រូវបានមើលឃើញ ជាសារព្រមានធ្ងន់មួយប្រឆាំងកម្លាំងខាងក្រៅ៕
