អាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមបណ្តាញគ្រឿងញៀនឆ្លងខេត្ត ឃាត់ខ្លួនជនសង្ស័យ១០នាក់ ដកហូតថ្នាំញៀនមួយចំនួន និងអាវុធខ្លី១ដើម
កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល និងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបណ្តាញគ្រឿងញៀនឆ្លងខេត្តមួយករណី ឃាត់ខ្លួនជនសង្ស័យសរុប១០នាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទ ព្រមទាំងអាវុធខ្លីមួយដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការពាក់ព័ន្ធ។
យោងតាមរបាយការណ៍សមត្ថកិច្ច កាលពីវេលាម៉ោង៨ និង៤៥នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអាវុធហត្ថស្រុកព្រៃកប្បាស បានចុះបង្ក្រាបទីតាំងមួយនៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បន្ទាប់ពីការស្រាវជ្រាវ និងសាកសួរ សមត្ថកិច្ចបានបន្តពន្លាតដែនសមត្ថកិច្ចទៅកាន់ខេត្តកណ្តាល នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដោយសហការជាមួយកម្លាំងអាវុធហត្ថស្រុកស្អាង និងអាវុធហត្ថក្រុងតាខ្មៅ ចុះបង្ក្រាបជាក់ស្តែងនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ហើយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការទៅដល់រាជធានីភ្នំពេញ ដោយសហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបទីតាំងមួយនៅផ្ទះលេខ C4 ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប១០នាក់ ក្នុងនោះស្រី១នាក់ និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា៦២កញ្ចប់ ទម្ងន់ជាង១១៨ក្រាម ថ្នាំគ្រាប់ពណ៌ផ្កាឈូក១៧គ្រាប់ ម្សៅពណ៌ផ្កាឈូក១កញ្ចប់ អាវុធខ្លី១ដើម គ្រាប់កាំភ្លើង៥៩គ្រាប់ ដាវដែក១ដើម ទូរស័ព្ទដៃ១៣គ្រឿង ម៉ូតូ៤គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន៣គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
