ប្រជាកសិករចំនួន៤៧១គ្រួសារ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ភាគីថៃ ទទួលបានស្រូវពូជ និងពូជបន្លែដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល
(ព្រះវិហារ)៖ លោកបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ព្រមទាំងនាយទាហានជាច្រើនរូបទៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចែកគ្រាប់ពូជស្រូវ និងគ្រាប់ពូជបន្លែ ជូនដល់ប្រជាកសិករជាគ្រួសារកងទ័ពចំនួន៤៧១គ្រួសារ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងជំរុញការផលិតស្បៀងអាហារតាមគ្រួសារ។
លោកបណ្ឌិត វង់ សណ្តាប់ បានថ្លែងថា ការផ្តល់គ្រាប់ពូជស្រូវ និងគ្រាប់ពូជបន្លែនាពេលនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ឱ្យមានលទ្ធភាពពង្រឹងជីវភាពតាមរយៈ ការបង្កបង្កើនផលកសិកម្ម ស្របតាមគោលនយោបាយធានាសន្តិសុខស្បៀង និងការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុង ដែលតែងតែគិតគូរដល់សុខុមាលភាព និងជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារ។
លោកថា សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យកសិកម្ម ការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ប្រជាកសិករជាគ្រួសារកងទ័ពចំនួន ៤៧១គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានគ្រាប់ពូជស្រូវចំនួន១០០គីឡូក្រាម សរុបពូជស្រូវចំនួន៤៧,១០០គីឡូក្រាម ព្រមទាំងបានចែកគ្រាប់ពូជបន្លែចំនួន៤៧១ឃីតផងដែរ ដើម្បីអាចយកទៅដាំដុះ និងបង្កើនការផ្គត់ផ្គង់ស្បៀងក្នុងគ្រួសារ៕
