រុស្ស៊ីបាញ់​សាក​ល្បង​មីស៊ីល​អន្តរទ្វីប​ថ្មី​ អាច​បាញ់​ជាង​ ៣ម៉ឺន​គីឡូម៉ែត្រ ខ្លាំង​ជាង​គេ​លើ​លោក

រុស្ស៊ី​​បានបាញ់​សាក​ល្បងមីស៊ីលបាលីស្ទិក​អន្តរទ្វីប​ថ្មី​មួយ​គ្រាប់ កាលពីថ្ងៃអង្គារ ​ជាផ្នែកមួយ​នៃកិច្ចខិតខំប្រឹងប្រែង​ធ្វើ​ទំនើបកម្មមីស៊ីល​បាញ់​នុយក្លេអ៊ែររបស់​ទី​ក្រុង​មូស្គូ​។ ការបាញ់​សាកល្បង​នេះ ​ត្រូវបានស្វាគមន៍ដោយ​ប្រធានាធិបតី​ វ្ល៉ាឌីមៀរ ពូទីន ប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពីខ្លួន​អះអាងថា ការប្រយុទ្ធគ្នា​នៅប្រទេស​អ៊ុយក្រែន​ជិតដល់​ទីបញ្ចប់ហើយ។ នេះ​បើ​យោង​តាម​សារព័ត៌មាន NBC ផ្សាយ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ ។

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន​ 

លោក ពូទីន និយាយថា៖ « មីស៊ីល Sarmat ដែល​អាច​​​បំពាក់​ក្បាលគ្រាប់​អាវុធ​នុយ​ក្លេអ៊ែរ ​នឹង​ដាក់​ឲ្យ​បម្រើក្នុងសមរភូមិ​នៅ​ចុង​ឆ្នាំ​នេះ។ វាត្រូវ​បាន​សាងសង់ឡើង​ ដើម្បីជំនួស​មីស៊ីល Voyevoda ចាស់ ផលិត​ដោយ​សហភាព​សូវៀត​»។​

លោក ពូទីន ប្រកាសថា៖ « នេះ [Sarmat]​ គឺជាមីស៊ីលដ៏​មានឥទ្ធិពល​បំផុតនៅលើពិភពលោក! ថាមពលរួមបញ្ចូលគ្នា​នៃក្បាល​គ្រាប់​នុយក្លេ​អ៊ែរ Sarmat មានគោលដៅជាក់​លាក់​ គឺខ្ពស់ជាង​សម​ភាគី​លោកខាងលិចជាងបួន​ដង​»។

មេដឹក​នាំរុស្ស៊ី បាន​ប្រើ​​​ប្រាស់​វោហាស័ព្ទ​​ ព្រមាន​ពី​ការ​ប្រើ​​ប្រព័ន្ធ​នុយក្លេអ៊ែរ​ម្តង​ហើយ​ម្តង​ទៀត​ បន្ទាប់ពីបញ្ជូនកងទ័ពចូលទៅ​ប្រទេសអ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០២២ ដើម្បីព្យាយាមរារាំង​លោកខាងលិច​ពីការ​បង្កើន​ការគាំទ្រដល់អ៊ុយក្រែន​។

គួរ​បញ្ជាក់​ថា មីស៊ីល «Sarmat» ត្រូវ​បាន​គេ​​សន្មត​ថា​​ នឹង​ជំនួស​​មីស៊ីល ​«Voyevoda» ផលិត​ដោយ​​សហភាព​សូវៀត​​​ជាង​ ៤០គ្រាប់។

លោក ពូទីន លើក​ឡើង​កាលពីថ្ងៃអង្គារថា មីស៊ីល Sarmat ជាផ្នែកមួយនៃអាវុធថ្មីៗ​ជាច្រើនបង្ហាញ​នៅ​ឆ្នាំ ២០១៨ ដោយ​អះអាងថា វា​នឹងធ្វើឱ្យប្រព័ន្ធ​ការពារមីស៊ីលរបស់​សហរដ្ឋអាមេរិក​មិន​អាច​ធ្វើ​អ្វី​បាន​។ វា​មានថាមពលខ្លាំង​ដូចមីស៊ីល​ Voyevoda ប៉ុន្តែ​មានភាពជាក់លាក់ខ្ពស់​ជាង។

លោក បន្ត​ ថា៖ « វាមានសមត្ថភាពហោះហើរ​ក្រោម​គន្លង ​ចម្ងាយ​ជាង ៣ម៉ឺន​គីឡូម៉ែត្រ​ និងមាន​សមត្ថភាព​ពង្រីក​ដើម្បី​ទម្លុះ​ប្រព័ន្ធការពារមីស៊ីល​ណា​មួយ​»៕

អត្ថបទដែលជាប់ទាក់ទង