សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការការពារជាតិ មិនត្រូវបានបញ្ចប់នោះទេ ទាំងបច្ចុប្បន្ន និងអនាគត
(ភ្នំពេញ)៖ នៅក្នុងបរិបទពិភពលោក និងតំបន់ដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការការពារជាតិ មិនត្រូវបានបញ្ចប់នោះទេ ទាំងបច្ចុប្បន្ន និងអនាគត។ ការកែទម្រង់ និងទំនើបកម្មកងទ័ព មិនមែនទើបតែធ្វើនោះទេ ពោលបានធ្វើយូរណាស់មកហើយ សំដៅបង្កើនសមត្ថភាពការពារជាតិ។
សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានព្រមានថា សន្តិភាពមិនមែនកើតឡើងដោយចៃដន្យ និងមិនអាចរក្សាបានដោយការធ្វេសប្រហែសឡើយ។ កម្ពុជាស្គាល់សង្គ្រាមឆ្អែតឆ្អន់ហើយ ហើយមេរៀនពីអតីតកាល បានបង្ហាញថា ប្រទេសដែលខ្វះសមត្ថភាពការពារខ្លួន អាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល។ ដូច្នេះ ការពង្រឹងសមត្ថភាពការពារជាតិ គឺជាការងារចាំបាច់សម្រាប់ការពារសន្តិភាព មិនមែនសម្រាប់បង្កសង្គ្រាមនោះទេ។
ក្នុងន័យនេះ សម្តេចធិបតីបានបញ្ជាក់ថា ការកែទម្រង់ និងទំនើបកម្មកងទ័ព ត្រូវបានអនុវត្តជាយូរមកហើយ ដើម្បីបង្កើនប្រសិទ្ធភាពការពារជាតិ។ រាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយបង្រួមក្បាល ពង្រីកខ្លួន ដោយកែសម្រួលរចនាសម្ព័ន្ធយោធា បិទការផ្ទេរមិនចាំបាច់ និងផ្តោតលើសមត្ថភាពជាក់ស្តែង។ សម្តេចធិបតី ក៏បានលើកឡើងអំពីការត្រៀមអនុវត្តកាតព្វកិច្ចយោធា ដើម្បីពង្រីកកម្លាំងបម្រុង និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការពារជាតិអត់ចប់ទេ ពីបច្ចុប្បន្នកាល ទៅអនាគតកាល។ បន្ថែមបន្តិច ការកែទម្រង់ និងទំនើបកម្មកងទ័ព គោលបំណងដើម្បីបង្កើនសមត្ថភាពកងទ័ពរយៈពេលវែង។ ដើម្បីពង្រឹងសមត្ថភាពរយៈពេល ២០ឆ្នាំ ត្រូវធ្វើពីហ្នឹងឲ្យហើយ។ ការកែទម្រង់ និងទំនើបកម្មកងទ័ព យើងបានធ្វើតាំងពីបែកឆ្នាំ១៩៧៩ មកម្ល៉េះ»។
បើតាមប្រសាស៍សម្តេចធិបតី ឥលូវនេះសូម្បីតែការស៉ើបការណ៍ក៏គេប្រើយានយន្តអត់មនុស្សបើកដែរ (Drone)។ បន្ថែមលើនេះ ការដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏ជារបត់ថ្មីនៃការធ្វើកំណែទម្រង់ និងទំនើបកម្មយោធាផងដែរ ដែលច្បាប់នេះមានគោលបំណងពង្រឹងវិស័យការពារជាតិ ការពារបូរណភាពទឹកដី បណ្តុះស្មារតីស្នេហាជាតិ និងអភិវឌ្ឍវិន័យដល់យុវជនខ្មែរ។
រដ្ឋសភាកម្ពុជា បានអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយសំឡេងគាំទ្រទាំងស្រុង។ ច្បាប់ថ្មីនេះតម្រូវឲ្យប្រជាពលរដ្ឋខ្មែរភេទប្រុស ដែលមានអាយុពី ១៨ ទៅ ២៥ឆ្នាំ បំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ ដែលបានកែសម្រួលពី ១៨ខែ នៃច្បាប់ចាស់ឆ្នាំ២០០៦ ខណៈការចូលរួមសម្រាប់ស្ត្រី គឺផ្អែកលើការស្ម័គ្រចិត្ត។ អ្នកដែលគេចវេសពីកាតព្វកិច្ចនេះអាចប្រឈមមុខនឹងទោសផាកពិន័យ និងការដាក់ពន្ធនាគារពី ៦ខែ ដល់ ៥ឆ្នាំ៕