សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ការតែងតាំងនាយឧត្ដមសេនីយ៍ ម៉ក់ សារុន ជាអគ្គនាយកសម្ភារៈបច្ចេកទេស មិនផ្តោតលើចាស់ ឬក្មេង សំខាន់លទ្ធផលសម្រាប់កងទ័ព, ច្បាប់ការព្វកិច្ចយោធា នឹងធ្វើឱ្យមានពលទាហានកាន់តែច្រើន
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ពន្យល់ជុំវិញការផ្លាស់ប្តូរអគ្គនាយកសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ គឺ នាយឧត្ដមសេនីយ៍ ម៉ក់ សារុន ជំនួសលោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ មិនសំខាន់លើវ័យចាស់ ឬក្មេងនោះទេ គឺសំខាន់បំផុតលទ្ធផលសម្រាប់កងទ័ព និងប្រទេសជាតិ។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា នាយឧត្ដមសេនីយ៍ ម៉ក់ សារុន មានបទពិសោធន៍ក្នុងសមរភូមិមុខ និងធ្លាប់រៀនសូត្រច្រើនមកពីប្រទេសរុស្ស៊ី មានជំនាញច្បាស់លាស់ និងមានគំំនិតអភិវឌ្ឍន៍។
សម្តេចបានថ្លែងថា «អ្នកខ្លះគេថាម៉េចបានដូចក្មេងដាក់ចាស់ ខ្ញុំអត់ដឹងក្មេង ឬចាស់ទេ ខ្ញុំដឹងតែពីលទ្ធផលសម្រាប់កងទ័ពរបស់ខ្ញុំ របស់ជាតិរបស់យើង។ ក្នុងដំណាក់កែទម្រង់ដាច់ខាតត្រូវរកបេក្ខជនដែលត្រឹមត្រូវ»។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
ជាមួយគ្នានេះ សម្តេចបានលើកឡើងពីផែនការកំណែទម្រង់វិស័យការពារជាតិ ដោយក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យ ដើម្បីកែទម្រង់កងទ័ព ដែលសម្តេចហៅការកែទម្រង់នេះថា «បង្រួមក្បាល ពង្រីកខ្លួន»។
សម្តេចបញ្ជាក់ថា «កំណែទម្រង់នេះ គឺធ្វើឱ្យក្បាលតូចជាងខ្លួន ពង្រីកខ្លួនឱ្យកាន់តែរឹងមាំ ហើយឱ្យរស់រវើក ប្រកបកដោយសាច់ដុំ មិនមែនខ្លាញ់ ពេលជាតិត្រូវការយើងអាចធានាបាន»។
សម្តេចលើកឡើងថា បច្ចុប្បន្នចំនួននាយទាហាន នាយទាហានរង មានប្រមាណ ៨០ភាគរយ ខណៈពលទាហាន មានតែប្រមាណ១៥ភាគរយនោះទេ ដូច្នេះនៅថ្ងៃខាងមុខ ពលទាហានរបស់កម្ពុជានឹងត្រូវពង្រីកឲ្យកាន់តែច្រើន តាមរយៈការអនុវត្តកាតព្វកិច្ចយោធា៕