សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងបញ្ជាក់ថា ការធ្វើកំណែរទម្រង់គឺត្រូវតែមានការពង្រឹងអភិបាលកិច្ចនៅក្នុងការគ្រប់គ្រង ក្នុងនោះក្រសួងការពារជាតិ បានត្រៀមធ្វើអភិបាលកិច្ច ដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិនតាមប្រព័ន្ធធនាគារ ដើម្បីផ្តល់ភាពងាយស្រួលដល់យោធិន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការធ្វើកំណែរទម្រង់ គឺត្រូវតែមានការពង្រឹងអភិបាលកិច្ចនៅក្នុងការគ្រប់គ្រង ហើយពង្រឹងគ្រប់គ្រងកងទ័ព គឺត្រូវរុញទៅក្រោមយន្តការនៃការគ្រប់គ្រង ក្នុងនោះយើងក៏បានគិតច្រើនណាស់ ក្នុងនោះមួយនោះ គឺការរៀបចំបើកប្រាក់បៀវត្សន៍តាមប្រព័ន្ធធនាគារ»។
ជុំវិញចំណុចនៃការរៀបចំបើកប្រាក់បៀវត្សន៍តាមប្រព័ន្ធធនាគារនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ កំពុងសិក្សារៀបចំដើម្បីធ្វើយ៉ាងណាបើកបើកប្រាក់បៀវត្សន៍ជូនយោធិនទាំងអស់តាមប្រព័ន្ធធនាគារ ដែលកិច្ចការងារនេះកំពុងបានធ្វើហើយ ដើម្បីធ្វើយ៉ាងផ្តល់ភាពងាយស្រួលដល់ជូនយោធិនទាំងអស់ ដោយធ្វើយ៉ាងណាដើម្បីធានាឱ្យមានតុល្យភាព តម្លាភាព រវាងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការលាក់ការយោធា។
ជាមួយគ្នានោះពាក់ព័ន្ធនឹងរឿងសុខភាពកងទ័ពវិញនោះ ដោយហេតុកងទ័ពមិនប័ណ្ណសមធម៍ បសស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុ ពិនិត្យមើលទីតាំងកន្លែងសុខាភិបាលតាមអង្គភាពកងទ័ព ដើម្បីបង្កើនសមត្ថភាព បង្កើនថ្នាំ និងបង្កើនគុណភាពផ្តល់សេវានៅតាមគ្លីនិកអង្គភាពកងទ័ព ដើម្បីបង្កើតការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាពដល់កងទ័ព៕