កម្លាំងនគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ២ទីតាំងនៅក្រុងបាវិត ឃាត់ខ្លួនជាង១០០នាក់ និងវត្ថុតាងមួយចំនួនធំ

(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ចំនួនពីរទីតាំងស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១១១នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦៖៤០នាទី បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ពេជ វីរៈ ស្នងការនគរបាលខេត្ត កម្លាំងជំនាញ នៃស្នងដ្ឋានការនគរបាលខេត្ត សហការជាមួយរដ្ឋាបាលក្រុងបាវិត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះមកបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន២ទីតាំង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។

ក្នុងប្រតិបត្តិការនេះ នគរបាល​ បានឃាត់ខ្លួនជនសង្ស័យបានចំនួន១១១នាក់ (ស្រី១៥នាក់) ក្នុងនោះ ជនជាតិចិនចំនួន៣៦នាក់ (ស្រី៣នាក់) ជនជាតិវៀតណាមចំនួន៥០នាក់ (ស្រី១១នាក់) ជនជាតិប៉ាគីស្ថានចំនួន១៣នាក់ ស្រ្តីជនជាតិថៃម្នាក់ ជនជាតិមីយ៉ាន់ម៉ាម្នាក់ ចិនតៃវ៉ាន់ម្នាក់ និងជនជាតិខ្មែរម្នាក់ ព្រមទាំងដកហូតវត្ថុតាងបម្រើសកម្មភាពឆបោករួមមាន៖ ទូរស័ព្ទដៃចម្រុះចំនួន១១៣គ្រឿង កុំព្យូទ័រលើតុ ១៥២គ្រឿង Monitor ចំនួន ៤គ្រឿង ធុងCPU ៥គ្រឿង និងលេបថបចំនួន ៩គ្រឿង រថយន្ត ៦គ្រឿង និងម៉ូតូ៣គ្រឿង។

បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចចំរុះសម្រេចបិទទីតាំងខាងលើ ជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងសម្ភារវត្ថុតាងខាងលើ បានបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង