ផ្ទុះជំងឺអេបូឡា ប្រភេទ​ថ្មី នៅកុងហ្គោ ស្លាប់​មនុស្សអស់ ៨០នាក់

ក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសអាសន្ន ជុំវិញការផ្ទុះឡើងវិញនៃវីរុសកាចសាហាវអេបូឡា (Ebola) នៅក្នុងខេត្ត Ituri ភាគខាងកើតនៃប្រទេស ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋ រហូតដល់ទៅ ៨០នាក់បាត់បង់ជីវិតរួចទៅហើយ។

យោងតាម​ការ​ផ្សាយ​របស់ The Star នា​ថ្ងៃទី​១៦ ខែ​ឧសភា នេះ លោក Samuel Roger Kamba Mulamba រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ផ្អែកលើលទ្ធផលពិសោធន៍លើសំណាកកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញឱ្យឃើញនូវវត្តមានរបស់វីរុសអេបូឡាប្រភេទថ្មី គឺប្រភេទ Bundibugyo នៅក្នុងតំបន់ជាច្រើន។ រហូតមកទល់ពេលនេះ ចំនួនអ្នកសង្ស័យថា មានផ្ទុកមេរោគ បានកើនឡើងដល់ ២៤៦ករណីហើយ ដោយអ្នកជំងឺដំបូងគេបង្អស់ ដែលសង្ស័យថាជាប្រភពចម្លង គឺជាគិលានុបដ្ឋាយិកាម្នាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Bunia បន្ទាប់ពីចេញរោគសញ្ញាក្តៅខ្លួនខ្លាំង ហូរឈាម ក្អួត និងទន់ដៃទន់ជើងខ្លាំង។

ភ្លាមៗបន្ទាប់ពីកើតមានរឿងនេះ រដ្ឋាភិបាលកុងហ្គោ បានប្រកាសបើកមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ផ្នែកសុខភាពសាធារណៈ ពង្រឹងការតាមដានតាមប្រព័ន្ធមន្ទីរពិសោធន៍ និងបានបញ្ជាឱ្យពង្រាយក្រុមឆ្លើយតបបន្ទាន់ ចុះទៅកាន់តំបន់រងគ្រោះជាប្រញាប់។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងប្រចាំទ្វីបអាហ្វ្រិក (Africa CDC) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះហានិភ័យនៃការរីករាលដាលមេរោគនេះ ទៅកាន់តំបន់ទីប្រជុំជន ព្រោះតំបន់ដែលកំពុងផ្ទុះខ្លាំង មានការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋយ៉ាងកកកុញ និងមានសកម្មភាពអាជីវកម្មរ៉ែយ៉ាងសកម្ម ដែលស្ថិតនៅជិតព្រំដែនប្រទេសអ៊ូហ្គង់ដា និងស៊ូដង់ខាងត្បូង។ ស្ថាប័ននេះ កំពុងរៀបចំកិច្ចប្រជុំបន្ទាន់មួយ ជាមួយប្រទេសជិតខាងទាំងនេះ ដើម្បីពង្រឹងការត្រួតពិនិត្យតាមព្រំដែន និងការត្រៀមលក្ខណៈរួមគ្នា។ ជាស្តែង ប្រទេសអ៊ូហ្គង់ដា បានរាយការណ៍រួចទៅហើយថា មានបុរសជនជាតិកុងហ្គោម្នាក់ បានស្លាប់ ដោយសារវីរុសអេបូឡាប្រភេទថ្មីនេះ នៅក្នុងទីក្រុង Kampala ដែលករណីនេះ គឺជាករណីនាំចូលពីប្រទេសកុងហ្គោ។

អ្វីដែលធ្វើឱ្យក្រុមអ្នកជំនាញព្រួយបារម្ភបំផុតនោះគឺ វីរុសដែលកំពុងផ្ទុះឡើងនេះ មិនមែនជាប្រភេទ Zaire ដែលធ្លាប់កើតមានពីមុនៗនោះទេ។ លោក Jean-Jacques Muyembe អ្នកជំនាញផ្នែកវីរុសវិទ្យារបស់កុងហ្គោ ដែលជាអ្នករួមចំណែករកឃើញវីរុសអេបូឡាដំបូងគេ បានពន្យល់ថា ក្នុងចំណោមការផ្ទុះឡើងចំនួន ១៦ដងកន្លងមក នៅក្នុងប្រទេសកុងហ្គោ គឺស្ទើរតែទាំងអស់បង្កឡើងដោយវីរុសប្រភេទ Zaire។ ដូច្នេះ ការរកឃើញវីរុសបំប្លែងខ្លួនប្រភេទ Bundibugyo ថ្មីនេះ នឹងធ្វើឱ្យកិច្ចប្រឹងប្រែងទប់ស្កាត់មានភាពស្មុគស្មាញ និងលំបាកខ្លាំងជាងមុន ព្រោះវ៉ាក់សាំង និងវិធីសាស្ត្រព្យាបាលដែលមានស្រាប់នាពេលបច្ចុប្បន្ន គឺត្រូវបានផលិតឡើង សម្រាប់តែប្រយុទ្ធប្រឆាំងនឹងវីរុសប្រភេទ Zaire តែប៉ុណ្ណោះ។

អង្គការសុខភាពពិភពលោក (WHO) បានដឹងពីករណីសង្ស័យនេះ តាំងពីដើមខែឧសភា ហើយបានបញ្ជូនក្រុមការងារចុះទៅជួយស៊ើបអង្កេតភ្លាមៗ ប៉ុន្តែសំណាកដែលប្រមូលបានដំបូងឡើយ បានបង្ហាញលទ្ធផលអវិជ្ជមាន។ រហូតទាល់តែសំណាក ត្រូវបានបញ្ជូនទៅពិនិត្យឡើងវិញ នៅមន្ទីរពិសោធន៍ ក្នុងទីក្រុង Kinshasa ទើបរកឃើញលទ្ធផលវិជ្ជមានពិតប្រាកដ ដោយបច្ចុប្បន្នមានករណីឆ្លងដែលត្រូវបានបញ្ជាក់ផ្លូវការចំនួន ១៣ករណីហើយ។ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ អង្គការសុខភាពពិភពលោក បានបញ្ចេញកញ្ចប់ថវិកាបន្ទាន់ចំនួន ៥០០ ០០០ដុល្លារ ដើម្បីជួយដល់ការតាមដាន ការស្វែងរកអ្នកប៉ះពាល់ផ្ទាល់ ការធ្វើតេស្ត និងការថែទាំព្យាបាលអ្នកជំងឺ។

គួររំលឹកផងដែរថា នេះគឺជាការផ្ទុះឡើង នៃវីរុសអេបូឡាលើកទី១៧ ហើយនៅក្នុងប្រទេសកុងហ្គោ ចាប់តាំងពីជំងឺនេះ ត្រូវបានគេរកឃើញដំបូងបង្អស់ កាលពីឆ្នាំ១៩៧៦។ ជំងឺអេបូឡា គឺជាជំងឺឆ្លងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់ជីវិតយ៉ាងលឿន ដែលតែងតែលាក់ខ្លួន នៅក្នុងតំបន់ព្រៃទឹកភ្លៀងដ៏ធំធេងរបស់កុងហ្គោ ហើយវាអាចឆ្លងរាលដាល តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយរាងកាយរបស់អ្នកជំងឺ ដូចជា ឈាម ទឹកមាត់ ឬក្អួត សម្ភារៈដែលមានមេរោគ ឬការប៉ះពាល់សាកសពរបស់អ្នក ដែលបានស្លាប់ដោយសារជំងឺនេះ៕

អត្ថបទដែលជាប់ទាក់ទង