​នគរបាល​ខេត្ត​ស្វាយរៀង​ បន្ត​ចុះបង្រ្កាបទីតាំងសង្ស័យ លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamនៅតំបន់​សកល​ផ្លាហ្សា

ស្នងការដ្ឋានខេត្តស្វាយរៀង បន្តចុះពិនិត្យ និង បង្រ្កាបទីតំាងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាOnline Scam ក្នុងមូលដ្ឋានក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សប្រុស-ស្រីជាជនបរទេសបានជាង ១០០នាក់។

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ​ និង​ដឹក​នាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ កាលថ្ងៃទី១៤ ខែ​ឧសភា​ ឆ្នាំ​២០២៦​ កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ សហការ​ជាមួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក​ ឡាយ​ ជុងហេង​ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅចំណុច​តំបន់​សកល​ផ្លាហ្សា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត​។

ក្នុង​រង្វង់​ប្រតិបត្តិការនេះ​​ឃាត់​ខ្លួន​មនុស្ស​ប្រុស-ស្រី ១១១នាក់ ស្រី ១៤នាក់ (វៀតណាម ៥៩នាក់ ស្រី ១១នាក់, ចិន ៣៦នាក់ ស្រី ០២នាក់, ប៉ាគីស្ថាន ១៣នាក់ ប្រុស, ថៃ ០១នាក់ ស្រី, មីយ៉ាន់ម៉ា ០១នាក់ ប្រុស និងខ្មែរ ០១នាក់ ប្រុស)។ ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One , ទូរស័ព្ទដៃ , កំព្យូទ័រយួរដៃ , ម៉ាស៊ីនកំព្យូទ័រ CPU , ម៉ូនីទ័រ , រថយន្ត , ម៉ូតូ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​បានក្រុមការ​ងារបិទ​សុីល​ បិទ​ទីតាំង​បណ្ដោះអាសន្ន​៕

អត្ថបទដែលជាប់ទាក់ទង