លោក គីម ជុងអ៊ុន បញ្ជាឲ្យប្រែក្លាយព្រំដែនជាប់កូរ៉េខាងត្បូង ទៅជា «បន្ទាយការពារដ៏រឹងមាំ»
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវដល់មន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួន ឲ្យពង្រឹងកងឯកភាពជួរមុខ និងប្រែក្លាយព្រំដែនភាគខាងត្បូងជាប់ប្រទេសកូរ៉េខាងត្បូង ទៅជា «បន្ទាយការពារដ៏រឹងមាំដែលមិនអាចវាយលុកបាន»។ នេះបើយោងតាមភ្នាក់ងារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង (KCNA) បានចុះផ្សាយនៅថ្ងៃច័ន្ទទី១៧ ខែឧសភា ឆ្នាំ២០២៦។

KCNA បានរាយការណ៍ថា ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ ដែលត្រូវបានកោះប្រជុំដោយលោក គីម ជុងអ៊ុន ជាមួយបណ្ដាមេបញ្ជាការកងពលធំ និងកងពលតូចនៅទូទាំងកងទ័ពទាំងមូល។
សេចក្តីរាយការណ៍នោះ បានបន្តថា លោក គីម ជុងអ៊ុន បានដាក់ចេញនូវផែនការសម្រាប់ ការពង្រឹងកងឯកភាពជួរមុខ និងកងឯកភាពសំខាន់ៗដទៃទៀត លើទិដ្ឋភាពយោធា និងបច្ចេកទេស ដែលជាការសម្រេចចិត្តដ៏សំខាន់មួយ ដើម្បីទប់ស្កាត់សង្គ្រាមឲ្យកាន់តែហ្មត់ចត់។ ជាពិសេស សកម្មភាពយុទ្ធសាស្ត្ររបស់កងទ័ពនឹងត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ ហើយ ការផ្លាស់ប្តូរដ៏ធំមួយ នឹងត្រូវធ្វើឡើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សង្គ្រាម។
មេដឹកនាំកូរ៉េខាងជើង ក៏បានសង្កត់ធ្ងន់លើទំនួលខុសត្រូវ និងតួនាទីរបស់មេបញ្ជាការក្នុងការអនុវត្តផែនការនេះថា «យើងនឹងបង្កើតវិធានការចាត់តាំងនានា ដើម្បីធ្វើបច្ចុប្បន្នភាពកងទ័ពឡើងវិញ ទាំងលើផ្នែករចនាសម្ព័ន្ធយោធា និងបច្ចេកវិទ្យាយោធា»។ លោកបានបន្តណែនាំទៀតថា «ការហ្វឹកហ្វឺនដើម្បីបំពេញលក្ខណៈត្រៀមប្រយុទ្ធ គឺជាកាតព្វកិច្ចចម្បងរបស់កងទ័ព ហើយកងទ័ពត្រូវតែ «រៀបចំប្រព័ន្ធហ្វឹកហ្វឺនឡើងវិញ ឲ្យស្របទៅនឹងទម្រង់នៃការផ្លាស់ប្តូរនៃសង្គ្រាមទំនើប និងគន្លងនៃការអភិវឌ្ឍន៍របស់កងទ័ពយើង ព្រមទាំងពង្រឹងការហ្វឹកហ្វឺនអនុវត្តជាក់ស្តែង»។
យ៉ាងណាមិញ ការកត់សម្គាល់ទាំងនេះបានធ្វើឡើងចំពេលដែលក្រុមបាល់ទាត់នារីរបស់កូរ៉េខាងជើង បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ដែលនេះជាការមកបំពេញទស្សនកិច្ចលើកដំបូងបង្អស់ដោយក្រុមស៊ុលកីឡារបស់កូរ៉េខាងជើង ក្នុងរយៈពេលជិត ៨ ឆ្នាំ ដើម្បីចូលរួមប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Champions League៕