ទីក្រុងបាងកក និងខេត្តចំនួន៦៩ ត្រូវត្រៀមខ្លួនទទួលព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលនឹងបង្កហានិភ័យនៃជំនន់រហ័ស និងបំណាក់ដី

គ្រោះធម្មជាតិមិនទាន់ទៅណាផុតពីប្រទេសថៃឡើយ ដោយពេលនេះ មានការព្រមានថ្មីទៀត ឲ្យទីក្រុងបាងកក និងខេត្តចំនួន៦៩ ត្រូវត្រៀមខ្លួនទទួលព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលនឹងបង្កហានិភ័យនៃជំនន់រហ័ស និងបំណាក់ដី។

សារព័ត៌មាន The Nation បានដកស្រង់សេចក្តីប្រកាស របស់នាយកដ្ឋានឧតុនិយមថៃ ដែលជូនដំណឹ​ង កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា ព្យុះភ្លៀង នឹងវាយប្រហារនៅថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងបំណាក់ដី ចំណែករលកសមុទ្រ ក៏ធំៗនិងខ្ពស់ៗផងដែរ។

តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺភាគខាងជើង ដោយនៅទីនោះ នឹងកើតមានបំណាក់ដី ព្រមទាំង ទឹកហូរបុក ចុះពីភ្នំ ខណៈសហគមន៍ជាប់មាត់សមុទ្រ ត្រូវបានព្រមានឲ្យប្រយ័ត្នខ្ពស់ ជាពិសេសអ្នកនេសាទ។

មិនមែនតែព្យុះទេ ថៃ ក៏ទើបជួបរញ្ជួយដីផងដែរ ហើយអ្វីដែលចម្លែកនោះគឺត្រង់ថា មួយរយៈចុងក្រោយ គ្រោះធម្មជាតិ វាយប្រហារប្រទេសនេះ ញឹកញាប់ណាស់។

កាលពីថ្ងៃចន្ទ មនុស្សម្នា នាំគ្នារត់ប្រសាច ចេញពីអគារ ទាំងព្រលឹងចុងសក់ មកកកកុញតាមផ្លូវ នៅបាងកក ព្រោះឥទ្ធិពលរញ្ជួយដី ដែលមានចំណុចកណ្តាល ក្នុងប្រទេសមីយ៉ាន់ម៉ា ឯណោះ។

ឥទ្ធិពលនៃគ្រោះធម្មជាតិនេះ មិនមែនប៉ះពាល់ត្រឹមបាងកកទេ វាក៏ធ្វើឲ្យញ័រដល់ខេត្តថៃ ចំនួន ៣ទៀតផងដែរ ដូចជា Chiang Mai, Lampang និង Nonthaburi។

រញ្ជួយដីនោះ មានកម្រិត ៥.៣រ៉ិចទ័រ កើតឡើងនៅជិតឆ្នេរខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា នា​ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ វាមានជម្រៅ ១០គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល ស្ថិតនៅចម្ងាយប្រហែល ២៤៧គីឡូម៉ែត្រ ភាគនិរតីនៃស្រុក Mae Sot ក្នុងខេត្ត Tak ប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង