បង្ហោះម៉ូតូធំផ្អើលពេញបណ្ដាញសង្គម នគរបាលខេត្តតាកែវឃាត់ម្ចាស់ម៉ូតូយកមកអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់
ករណីយុវជនម្នាក់បើកម៉ូតូធំធ្វើសកម្មភាព “បង្ហោះម៉ូតូ” តាមដងផ្លូវជាតិ ក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលបានបង្កការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំងពីមហាជននៅលើបណ្ដាញសង្គមនាពេលកន្លងមក ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តតាកែវ ចាត់វិធានការតាមផ្លូវច្បាប់ហើយ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈនេះ តាំងពីថ្ងៃទី១៩ខែឧសភា ម្សិលមិញ ដើម្បីយកមកសាកសួរ និងអនុវត្តនីតិវិធីច្បាប់។ បើតាមការបញ្ជាក់ពីសមត្ថកិច្ច បុគ្គលខាងលើមានឈ្មោះ ឡាយ ឈៀង អាយុ២៧ឆ្នាំ មុខរបរលក់រថយន្ត មានទីលំនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ
សមត្ថកិច្ចបានឱ្យដឹងថា ក្រៅពីការបើកបរបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ និងអាចគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវសាធារណៈ បុគ្គលរូបនេះក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ពាក់ព័ន្ធនឹងបទល្មើសចរាចរណ៍ជាច្រើនទៀត រួមមាន ៖ការប្រើប្រាស់ម៉ូតូគ្មានពន្ធនាំចូលត្រឹមត្រូវ គ្មានស្លាកលេខ និងគ្មានបណ្ណបើកបរ។
មហាជនជាច្រើនបានសម្តែងការគាំទ្រចំពោះវិធានការរបស់សមត្ថកិច្ច ដោយចាត់ទុកថា ជាការអនុវត្តច្បាប់ស្មើភាព និងជាសារព្រមានដល់ក្រុមអ្នកបើកបរដែលចូលចិត្តបើកបរប្រថុយប្រថាន ឬបង្កសកម្មភាពគ្រោះថ្នាក់តាមដងផ្លូវ ដើម្បីបង្កើតខ្លឹមសារ និងទាក់ទាញការចាប់អារម្មណ៍លើបណ្ដាញសង្គម។


សមត្ថកិច្ចលើកឡើងថា សកម្មភាព “បង្ហោះម៉ូតូ” មិនត្រឹមតែជាការរំលោភច្បាប់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកបើកបរ និងអ្នកដទៃនៅលើដងផ្លូវ។ ក្នុងករណីបាត់បង់ការគ្រប់គ្រង អាចនាំឱ្យកើតមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិជាសាធារណៈផងដែរ។ តាមច្បាប់ចរាចរណ៍ផ្លូវគោក ការបើកបរដោយគ្មានបណ្ណបើកបរ ការប្រើប្រាស់យានយន្តគ្មានស្លាកលេខ ឬគ្មានឯកសារត្រឹមត្រូវ និងការបើកបរបង្កគ្រោះថ្នាក់ ឬអនាធិបតេយ្យតាមផ្លូវសាធារណៈ អាចប្រឈមនឹងការផាកពិន័យ ការដកហូតយានយន្ត និងការចាត់វិធានការតាមផ្លូវច្បាប់ធ្ងន់ធ្ងរ អាស្រ័យលើស្ថានភាពជាក់ស្តែង។

ស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជន និងអ្នកប្រើប្រាស់ម៉ូតូធំទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយការទទួលខុសត្រូវ និងចៀសវាងសកម្មភាពប្រថុយប្រថានដែលអាចបង្កគ្រោះថ្នាក់ដល់សង្គមនិងអ្នកដទៃ៕