អាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីក្លែងឯកសណ្ឋាន និងឯកសារសាធារណៈ
កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីក្លែងឯកសណ្ឋាន និងឯកសារសាធារណៈ។ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តនិតិវិធីច្បាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង២រូបនេះ ធ្វើឡើងក្រោយពីកម្លាំងកងរាជអាវុធហត្ថកត់សម្គាល់ឃើញបុគ្គលខាងលើបានប្រព្រឹត្តបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងបានប្រព្រឹត្តបទល្មើសផ្សេងទៀតដូចជា បទឆបោក, បទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។
តាមរបាយការណ៍របស់កងរាជអាវុធហត្ថ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ យិន វណ្ណារ៉ា ហៅ លៀង ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ និងឈ្មោះ រស់ សុវណ្ណច័ន្ទសំណាង ហៅ ដេត ភេទប្រុស មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះលេខ៤១D ផ្លូវលំចំការស្ពៃ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ និងសូមសហការផ្តល់ព័ត៌មានមកកងរាជអាវុធហត្ថ ក្នុងករណីឃើញបុគ្គលដែលមានការសង្ស័យ៕