ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង យ៉ាងឆាប់បំផុតនៅសប្តាហ៍ក្រោយនេះ
ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង យ៉ាងឆាប់បំផុតនៅសប្តាហ៍ក្រោយនេះ។

Yonhap បានផ្សាយថា ក្រុមមន្ត្រីសន្តិសុខ និងមន្ត្រីពិធីការរបស់ចិន បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងរួចរាល់ហើយ ក្នុងពេលថ្មីៗ ដែលនេះជាសញ្ញាបង្ហាញថា ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង អាចនឹងកើតឡើងនៅចុងខែឧសភា ឬដើមខែមិថុនា យ៉ាងប្រាកដមែន។
គោលបំណងធំមួយនៃដំណើរទស្សនកិច្ចនេះ គឺលោក ស៊ី ជីនពីង ចង់ដើរតួជាអ្នកកណ្តាលដើម្បីសម្របសម្រួល និងផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បន្ទាប់ពីមេដឹកនាំចិនរូបនេះ ទើបតែបានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។
ជាការពិតណាស់ ប្រទេសចិន គឺជាសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង ហើយប្រទេសទាំងពីរ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពង្រឹងចំណងមិត្តភាពឡើងវិញ បន្ទាប់ពីទំនាក់ទំនងនេះ មានភាពត្រជាក់ស្រិបអស់មួយរយៈ កាលពីអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។ កាលពីឆ្នាំ២០២៥ កន្លងទៅ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានឈរទន្ទឹមគ្នាជាមួយលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងពិធីព្យុហយាត្រាយោធាដ៏ធំមួយផងដែរ។
ចំណែកឯលោក ដូណាល់ ត្រាំ វិញ ដែលធ្លាប់បានជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន ចំនួនបីលើករួចមកហើយ ក្នុងអាណត្តិទីមួយរបស់លោក ដើម្បីចរចាលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានថ្លែងថា លោកនៅតែបើកចិត្តទូលាយ ក្នុងការជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះជាថ្មីម្តងទៀត ហើយលោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ លោក និងលោក គីម ជុងអ៊ុន នៅតែមានទំនាក់ទំនងល្អរវាងគ្នានឹងគ្នាដដែល៕