រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ ព្រមានដកដៃចេញពីណាតូ ក្រោយសម្ព័ន្ធមិត្ត មិនព្រមជួយ ក្នុងសង្គ្រាមអ៊ីរ៉ង់
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានថ្លែងយ៉ាងច្បាស់ៗកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ថា រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ កំពុងតែពិចារណាឡើងវិញ អំពីការចូលរួមរបស់ខ្លួននៅក្នុងអង្គការណាតូ (NATO)។

ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសជាសម្ព័ន្ធមិត្តមួយចំនួន មិនបានផ្តល់ជំនួយដល់អាមេរិកឡើយ ក្នុងអំឡុងពេលមានសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។ ជាមួយគ្នានេះ លោក រូប៊ីយ៉ូ ក៏មិនបានបដិសេធចំពោះព័ត៌មានដែលថា អាមេរិក មានផែនការកាត់បន្ថយកម្លាំងទ័ពរបស់ខ្លួន នៅក្នុងសម្ព័ន្ធភាពយោធាមួយនេះដែរ។
ក្នុងដំណើរទៅចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសណាតូ នៅប្រទេសស៊ុយអែត លោក រូប៊ីយ៉ូ ត្រូវបានគេសួរនាំអំពីរបាយការណ៍មួយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលបានទម្លាយថា អាមេរិក នឹងកាត់បន្ថយសមត្ថភាពយោធា ដែលខ្លួនធ្លាប់ត្រៀមបម្រុងទុកសម្រាប់ជួយអឺរ៉ុប ពេលមានវិបត្តិធំៗ។ លោកបានឆ្លើយតបទៅវិញថា គ្មាននរណាម្នាក់ត្រូវភ្ញាក់ផ្អើលនោះទេ ដែលដឹងថា អាមេរិក ជាពិសេសគឺលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្ទាល់ កំពុងតែមានការខកចិត្តយ៉ាងខ្លាំង ចំពោះអង្គការណាតូនៅពេលនេះ។ លោកបានបន្ថែមថា ការប្រកាសជាផ្លូវការណាមួយ នឹងត្រូវធ្វើឡើងដោយលោកប្រធានាធិបតី ត្រាំ ឬក្រសួងការពារជាតិអាមេរិក។
លោក រូប៊ីយ៉ូ អះអាងថា លោកធ្លាប់ជាអ្នកគាំទ្រដ៏ស្លាប់រស់ម្នាក់របស់ណាតូ ប៉ុន្តែឥលូវ លោកយល់ថា ជម្លោះនៅមជ្ឈិមបូព៌ានាពេលថ្មីៗ បានបង្កើតជាសំណួរមួយថា តើណាតូមានប្រយោជន៍អ្វីខ្លះ សម្រាប់អាមេរិក? លោកបានពន្យល់ថា កន្លងមក អាមេរិកយល់ថា ណាតូមានប្រយោជន៍ ព្រោះវាផ្តល់មូលដ្ឋានទ័ពនៅក្នុងតំបន់ ដើម្បីឱ្យអាមេរិកអាចពង្រាយកម្លាំងបានលឿន ពេលមានអាសន្ន។ ប៉ុន្តែនៅពេលដែលអាមេរិកត្រូវការ បែរជាមានប្រទេស ដូចជា អេស្ប៉ាញ បដិសេធឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពទាំងនោះទៅវិញ។ ហេតុនេះហើយ ទើបលោកគិតថា វាជារឿងត្រឹមត្រូវណាស់ ដែលអាមេរិកត្រូវសួរខ្លួនឯងថា តើបន្តនៅក្នុងណាតូដើម្បីអ្វីទៀត? លោកនឹងយកបញ្ហានេះ ទៅជជែកដេញដោលនៅក្នុងកិច្ចប្រជុំនៅប្រទេសស៊ុយអែត ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ពីបណ្តាប្រទេសផ្សេងទៀត។

បើក្រឡេកទៅមើលប្រវត្តិសាស្ត្រ អង្គការណាតូ ត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ដើម្បីទប់ទល់នឹងការរីករាលដាលនៃឥទ្ធិពលសហភាពសូវៀត និងដើម្បីការពារសន្តិសុខ ក៏ដូចជា លទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប។ អាមេរិក ដែលជាមហាអំណាចយោធា និងនុយក្លេអ៊ែរធំជាងគេលើលោក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជ្រោមជ្រែងសម្ព័ន្ធភាពនេះ ជាយូរមកហើយ។ មានតែម្តងគត់ក្នុងប្រវត្តិសាស្ត្រ ដែលណាតូបានប្រើប្រាស់ប្រការ៥ នៃសន្ធិសញ្ញារបស់ខ្លួន ដែលតម្រូវឱ្យសមាជិកទាំងអស់ជួយគ្នាពេលរងការវាយប្រហារ គឺបន្ទាប់ពីព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើទឹកដីអាមេរិក ដែលកាលណោះ ទាហានសម្ព័ន្ធមិត្តរាប់ពាន់នាក់ បានបូជាជីវិត ក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ដើម្បីជួយអាមេរិក។
យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បានចំណាយពេលជាច្រើនឆ្នាំរិះគន់តម្លៃរបស់ណាតូ និងបានគំរាមដកខ្លួនជាហូរហែ។ ការគំរាមកំហែងទាំងនេះ កាន់តែខ្លាំងឡើង ក្រោយសង្គ្រាមជាមួយអ៊ីរ៉ង់បានផ្ទុះឡើង ដែលជាសង្គ្រាមមួយ ដែលអាមេរិកបានបើកឆាកវាយប្រហារដោយគ្មានការព្រមាន ឬពិភាក្សាជាមួយសម្ព័ន្ធមិត្តណាតូទាល់តែសោះ។ ដើមខែនេះ អាមេរិកបានប្រកាសដកទ័ព ៥ ០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីលោក ត្រាំ បានខឹងសម្បារនឹងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ដែលនិយាយថា អាមេរិកកំពុងត្រូវអ៊ីរ៉ង់ធ្វើឱ្យអាម៉ាស់មុខ។ បន្ទាប់មក អាមេរិកក៏បានលុបចោលការបញ្ជូនទ័ព ៤ ០០០ នាក់ទៅកាន់ប្រទេសប៉ូឡូញ ដែលធ្វើឱ្យណាតូ និងអ្នកបង្កើតច្បាប់អាមេរិកស្រឡាំងកាំង ទោះបីជាក្រោយមកមានការបកស្រាយថា វាគ្រាន់តែជាការយឺតយ៉ាវបណ្តោះអាសន្នក៏ដោយ។
ខណៈដែលលោក ត្រាំ បានព្រលយពាក្យថា អាចនឹងមានការកាត់បន្ថយទ័ពច្រើនជាងនេះទៀត មេបញ្ជាការយោធាកំពូលរបស់ណាតូប្រចាំតំបន់អឺរ៉ុប បានលើកឡើងថា លោកមិនរំពឹងថា នឹងមានការដកទ័ពអាមេរិកបន្ថែមទៀតនោះទេ ក្រៅតែពីចំនួន ៥ ០០០នាក់ដែលបានប្រកាសរួចរាល់។ ទោះជាបែបនេះក្តី របាយការណ៍ថ្មី បានបង្ហាញថា ក្រសួងការពារជាតិអាមេរិក បានសម្រេចចិត្តកាត់បន្ថយការប្ដេជ្ញាចិត្តរបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងរចនាសម្ព័ន្ធកម្លាំងត្រៀមបម្រុងរបស់ណាតូ ដែលជាកម្លាំងសម្រាប់កោះហៅជាបន្ទាន់ ពេលមានវិបត្តិសង្គ្រាម។ ចំពោះចំនួនពិតប្រាកដនៃការកាត់បន្ថយនេះ ត្រូវបានរក្សាទុកជាការសម្ងាត់បំផុត។
ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនេះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានថ្លែងថា លោកមិនអាចទម្លាយព័ត៌មានលម្អិត មុនការប្រកាសរបស់អាមេរិកបានទេ ប៉ុន្តែលោកយល់ថា នេះជារឿងដែលត្រូវកើតឡើង ដើម្បីបញ្ចប់ការរំពឹងផ្អែកទាំងស្រុងលើសម្ព័ន្ធមិត្តតែមួយ ពោលគឺអាមេរិក ក្នុងការការពារសន្តិសុខរួម។ លោកបានបន្ថែមថា នេះជាមូលហេតុ ដែលប្រទេសនៅអឺរ៉ុប កំពុងតែបង្កើនការចំណាយ និងពង្រឹងសមត្ថភាពការពារជាតិរៀងៗខ្លួន។ ទោះជាមានការប្រែប្រួលកម្លាំងទ័ពយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់អាមេរិក បានបញ្ជាក់ជាសាធារណៈថា សហរដ្ឋអាមេរិក នឹងនៅតែបន្តប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីការពារសមាជិកណាតូដដែល ខណៈដែលកម្លាំងទ័ពធម្មតា ត្រូវទុកឱ្យភាគីអឺរ៉ុបជាអ្នករ៉ាប់រងចម្បងវិញ៕