អាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានចេញមុខជំរុញយ៉ាងខ្លាំងក្លា ឱ្យបណ្តាប្រទេសជាសម្ព័ន្ធមិត្តណាតូ ចូលរួមផ្តល់ការគាំទ្របន្ថែមទៀត។

យោងតាមការផ្សាយរបស់ France24 កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ការលើកឡើងរបស់លោក រ៉ូប៊ីយ៉ូ បានធ្វើឡើង ស្របពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះក្រុមប្រទេសណាតូ ដែលកន្លងមកមិនបានផ្តល់ការគាំទ្រពេញលេញដល់សហរដ្ឋអាមេរិក នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយប្រទេសអ៊ីរ៉ង់។ លោក រូប៊ីយ៉ូ បានសង្កត់ធ្ងន់ថា បញ្ហាខ្វះចន្លោះ និងការមិនយល់ស្របគ្នារវាងអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបទាំងនេះ គឺជារឿងបន្ទាន់ ដែលត្រូវតែដោះស្រាយជាដាច់ខាត ប្រសិនបើចង់ឱ្យសង្គ្រាមនេះបិទបញ្ចប់ទៅបាន។
ក្រៅពីការទាមទារឱ្យមានសាមគ្គីភាពកាន់តែខ្លាំង នៅក្នុងជួរណាតូហើយនោះ ប្រធានបទដ៏ក្តៅគគុកមួយទៀត គឺការស្វែងរកវិធីបើកច្រកសមុទ្រហ័រមូសឡើងវិញ។ ច្រកសមុទ្រនេះ គឺជាដង្ហើមសេដ្ឋកិច្ចពិភពលោក សម្រាប់ការដឹកជញ្ជូនប្រេង និងហ្គាស ប៉ុន្តែត្រូវបានភាគីអ៊ីរ៉ង់បិទជិត ដើម្បីជាការសងសឹកនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ កន្លងទៅ។ លោក រូប៊ីយ៉ូ បានព្រមានទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបចំៗថា ពួកគេត្រូវតែរៀបចំ «ផែនការបម្រុង» ឬហៅថា Plan B ឱ្យបានរួចរាល់ ដើម្បីត្រៀមលក្ខណៈប្រើប្រាស់កម្លាំង និងវិធានការចាំបាច់ ក្នុងការបង្ខំឱ្យបើកច្រកសមុទ្រដ៏សំខាន់នេះឡើងវិញ បើសង្គ្រាមជាមួយអ៊ីរ៉ង់ នៅតែបន្តអូសបន្លាយទៅមុខ ដោយគ្មានដំណោះស្រាយ។
ការព្រមានរបស់អាមេរិក បានធ្វើឡើង ចំពេលដែលការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចសកល កំពុងកើនឡើងខ្លាំង ដោយសារតែស្តុកប្រេងដែលត្រៀមទុកតាំងពីមុនសង្គ្រាម ចាប់ផ្តើមរីងស្ងួតអស់ទៅហើយ។ ភ្លាមៗនោះ សហភាពអឺរ៉ុប ក៏បានចាប់ផ្តើមចល័តការងារ ដោយត្រៀមខ្លួនដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និងបុគ្គលទាំងឡាយណា ដែលមានចំណែកក្នុងការបិទច្រកសមុទ្រនេះ។ ទោះជាយ៉ាងណាក៏ដោយ ខាងភាគីអ៊ីរ៉ង់នៅតែរក្សាជំហររឹងរូស ដោយបញ្ជាក់ថា ការដោះស្រាយវិបត្តិនៅច្រកសមុទ្រហ័រមូស ក៏ដូចជា ការបញ្ចប់សង្គ្រាមនៅលើគ្រប់រណសិរ្ស រួមទាំងការវាយប្រហារនៅប្រទេសលីបង់ផងនោះ គឺត្រូវតែធ្វើឡើងក្នុងពេលតែមួយ ទើបអាចទទួលបានសន្តិភាពពិតប្រាកដ៕