អាមេរិក បើកការវាយប្រហារថ្មី លើអ៊ីរ៉ង់ ដោយអះអាងថា ដើម្បីការពារខ្លួន
សហរដ្ឋអាមេរិក បានប្រកាសពីការវាយប្រហារថ្មី លើទីតាំងនុយក្លេអែរ នៅភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ និងទូកអ៊ីរ៉ង់ដែលប៉ុនប៉ងដាក់មីន នៅច្រកសមុទ្រ Hormuz ក្នុងអ្វីដែលខ្លួន អះអាងថា គឺជាការបាញ់ការពារខ្លួន ប៉ុណ្ណោះ។

អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្តាល សហរដ្ឋអាមេរិក (CENTCOM) លោក Timothy Hawkins បានថ្លែងប្រាប់ទូរទស្សន៍ CNN នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ថា៖ «កងកម្លាំងសហរដ្ឋអាមេរិកបានបើកការវាយប្រហារការពារខ្លួន ក្នុងតំបន់ភាគខាងត្បូងប្រទេសអ៊ីរ៉ង់នៅថ្ងៃនេះ ដើម្បីការពារកងទ័ពរបស់យើង ពីការគំរាមកំហែងនានាដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់»។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ CENTCOM មិនលម្អិតឡើយថាតើ ខ្លួនប្រើប្រាស់សព្វាវុធអ្វីខ្លះ ក្នុងការវាយប្រហារនេះ ខណៈភាគីអ៊ីរ៉ង់ ក៏មិនទាន់ចេញមកនិយាយអ្វីដែរ។

ការវាយប្រហារនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី ប្រមុខសេតវិមាន ដូណាល់ ត្រាំ បញ្ជាក់យ៉ាងច្បាស់ថា លោកបានណែនាំឲ្យ ក្រុមអ្នកចរចារបស់ទីក្រុងវ៉ាស៊ីនតោន កុំទាន់ប្រញាប់ចុះកិច្ចព្រមព្រៀង ជាមួយទីក្រុងតេហេរ៉ង់ ពេកអី ព្រោះកំពុងមានប្រៀប ដ្បិតសារព័ត៌មានធំៗ និងប្រភពជាច្រើនទម្លាយថា អាមេរិក-អ៊ីរ៉ង់ ជិតឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា ក៏ដោយ។
ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកវ័យ ៧៩ឆ្នាំ សរសេរថា៖ «ការចរចា កំពុងប្រព្រឹត្តទៅយ៉ាងរលូន ហើយខ្ញុំបានជម្រាបទៅកាន់តំណាងរបស់ខ្ញុំ កុំឲ្យប្រញាប់ឈានទៅរកកិច្ចព្រមព្រៀងនោះពេក ព្រោះថាពេលវេលាកំពុងស្ថិតនៅខាងយើង (កំពុងមានប្រៀប)។ ភាគីទាំងពីរត្រូវតែចំណាយពេល និងធ្វើវាឲ្យបានត្រឹមត្រូវ មិនត្រូវឲ្យមានកំហុសឆ្គងណាមួយ កើតឡើងជាដាច់ខាត!»។
ស្របពេលជាមួយគ្នានោះ លោក ត្រាំ ក៏បញ្ជាក់ដែរថា ទីក្រុងតេហេរ៉ង់ត្រូវតែយល់ថា ខ្លួនមិនអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានឡើយ ដែលរឿងអាវុធនេះ ត្រូវបានទីក្រុងវ៉ាស៊ីន ប្រឆាំងដាច់ខាត៕