នគរបាលរាជធានី ឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំ នៅផ្សារចិន ឃាត់ខ្លួនមនុស្សជាង១០០នាក់
កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំមួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០០នាក់ ក្នុងនោះមានទាំងជនជាតិខ្មែរ និងជនបរទេសផងដែរ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតំបន់ផ្សារចិន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានឲ្យដឹងថា ទីតាំងនេះត្រូវបានគេសង្ស័យថា បើកលេងល្បែងស៊ីសងខុសច្បាប់ជាយូរមកហើយ និងមានមនុស្សចេញចូលយ៉ាងច្រើនជាពិសេសនៅពេលយប់។ ក្នុងអំឡុងពេលចុះបង្ក្រាប សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងនាំខ្លួនមនុស្សប្រុសស្រីជាង១០០នាក់ទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕


