​ខណៈអឺរ៉ុប​​ដាក់​ការប្រមាញ់ រុស្ស៊ី​ចេញ​ច្បាប់ថ្មី​ដែល​​បើក​ផ្លូវ​ឲ្យ​​អន្តរាគម​យោធា​ចូល​ប្រទេសដទៃ​ ដើម្បី​រំដោះ​​ជនជារុស្ស៊ី​ដែលត្រូវ​ចាប់ខ្លួន​

ទីភ្នាក់ងារសារព័ត៌មាន Interfax របស់​រុស្ស៊ី បាន​រាយការណ៍​ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ​ដែលបើកផ្លូវឲ្យ​​ប្រធានាធិបតី​​ មានអំណាចពេញលេញក្នុងការបញ្ជូនកងទ័ពទៅក្រៅ​ប្រទេស ដើម្បីគាំទ្រ និងជួយសង្គ្រោះពលរដ្ឋរុស្ស៊ីណាដែលត្រូវបានឃាត់ខ្លួន ឬកំពុងប្រឈមមុខនឹងការចាត់វិធានការតាមផ្លូវច្បាប់ នៅ​ក្នុង​ប្រទេសផ្សេង​​។

Interfax បានដកស្រង់ខ្លឹមសារច្បាប់នេះ ផ្សាយ​​ថា ច្បាប់នេះ ត្រូវបានអនុម័តដោយសភាជាតិរុស្ស៊ី (State Duma) កាលពីថ្ងៃទី១៣ ខែឧសភា ដែលវាផ្តល់សិទ្ធិឲ្យប្រធានាធិបតីរុស្ស៊ី អាចបញ្ជាឲ្យពង្រាយកងទ័ពទៅក្រៅប្រទេស ដើម្បី «ការពារ» ពលរដ្ឋរុស្ស៊ីណាដែលកំពុងប្រឈមមុខនឹងការចាប់ខ្លួន ការឃាត់ខ្លួន ការកាត់ទោស ឬអ្វីដែលរុស្ស៊ីចាត់ទុកថា ជាការធ្វើទុក្ខបុកម្នេញពីសំណាក់ប្រទេសដទៃ និងតុលាការអន្តរជាតិ។

មិនតែប៉ុណ្ណោះ កងកម្លាំងយោធារុស្ស៊ី ក៏អាចត្រូវបានប្រើប្រាស់ផងដែរ នៅក្នុងករណីដែលពលរដ្ឋរុស្ស៊ីត្រូវបានឃាត់ខ្លួន ក្រោមបញ្ជារបស់ស្ថាប័នតុលាការអន្តរជាតិណាដែលប្រទេសរុស្ស៊ីមិនទទួលស្គាល់អំណាច ឬសមត្ថកិច្ចរបស់ស្ថាប័ននោះឡើយ។

លោក Andrey Kartapolov ប្រធានគណៈកម្មាធិការការពារជាតិខាងសភាជាតិរុស្ស៊ី បានភ្ជាប់សេចក្តីព្រាងច្បាប់នេះ ទៅនឹងករណីរបស់លោក Alexander Butyagin ដែលជាអ្នកបុរាណវិទ្យាជនជាតិរុស្ស៊ីម្នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសប៉ូឡូញអស់រយៈពេលជាច្រើនខែ ពាក់ព័ន្ធនឹងការលួចធ្វើកំណាយខុសច្បាប់នៅក្នុងតំបន់គ្រីមៀ ដែលគ្រប់គ្រងដោយរុស្ស៊ី។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើវិមានក្រឹមឡាំង នឹងលើកយកច្បាប់នេះមកប្រើប្រាស់ក្នុងករណីជាក់ស្តែងបែបណាខ្លះ​ទេ​។ ជាពិសេស ការបញ្ជូនកងទ័ពទៅកាន់ប្រទេសដទៃ ដើម្បីរំដោះ​បុគ្គល​ណាម្នាក់ចេញពីពន្ធនាគារ អាចនឹងប្រឈមមុខនឹងហានិភ័យខ្ពស់ក្នុងការបង្កឲ្យមានជម្លោះយោធាជាមួយប្រទេសនោះ។

ជាក់ស្ដែង សភាជាតិរុស្ស៊ី បានអនុម័តច្បាប់នេះឡើង ចំពេលដែលរដ្ឋាភិបាលនៃបណ្តាប្រទេសលោកខាងលិច កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ «ក្រុមនាវាសម្ងាត់» ដែលលួចដឹកជញ្ជូនប្រេងរបស់រុស្ស៊ី។ អាជ្ញាធរនៃប្រទេសអ៊ឺរ៉ុបមួយចំនួន បានរឹតបន្តឹងការត្រួតពិនិត្យលើកប៉ាល់ទាំងឡាយណា ដែលរងការសង្ស័យថា ជាសមាជិកនៃ «ក្រុមនាវាសម្ងាត់» នេះ ក្នុងគោលបំណងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បន្ទាប់ពីជម្លោះបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង