អាជ្ញាធរខេត្តបន្ទាយមានជ័យ សហការជាមួយអគ្គស្នងការ ឆែកឆេររកឃើញជនបរទេស២១នាក់ សង្ស័យពាក់ព័ន្ធបទល្មើស Online scam

រដ្ឋបាលខេត្តបន្ទាយមានជ័យ និង កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តចុះរដ្ឋបាលត្រួតពិនិត្យតាមទីតាំងអាគារ និងកន្លែងស្នាក់នៅមួយចំនួន ដែលមានជនបរទេសប្រមូលផ្ដុំស្នាក់នៅ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ដោយរកឃើញមានជនបរទេស និង សម្ភារមួយចំនួនដែលប្រព្រឹត្តល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។

ប្រតិបត្តិការនេះធើ្វឡើងកាលពីថ្ងែទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការដឹកចង្អុលបង្ហាញពីលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ជាប្រធានគណៈបញ្ជារឯកភាពខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និង ដឺកនាំកម្លាំងចម្រុះដោយផ្ទាល់ពីលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានបន្តចុះត្រួតពិនិត្យ និងឆែកឆេរចំនួន២ទីតាំង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

កម្លាំងចម្រុះបានចុះទៅធើ្វការពិនិត្យឆែកឆេរនៅទីតាំងទី១ ជាប្រភេទ អគារកម្ពស់៤ជាន់ មាន៧២បន្ទប់ ដោយពុំមានអ្វីគួរអោយសង្ស័យ នៅតាមបន្ទប់ និង តាមជាន់នីមួយៗ មិនមានសម្ភារ និង ជនបរទេសស្នាក់នៅនោះទេ ដូចនេះអាជ្ញាធរមានធើ្វការអប់រំ និងធ្វើកិច្ចសន្យា ជាមួយនិងម្ចាស់ទីតាំង។ ដោយឡែកចំពោះទីតាំងទី២ ជាប្រភេទកាស៊ីណូ មានយីហោ ហ្គូដ វើលដ៏ កាស៊ីណូ និងសណ្ឋាគារ នៅជាន់ផ្ទាល់ដី បើកដំណើរការអាជីវកម្ម អាជ្ញាបណ្ណមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងសណ្ឋាគារមាន ១១៤បន្ទប់ មានបន្ទប់ស្នាក់នៅ បន្ទប់CCTV កន្លែងស្ទីមសូណា បន្ទប់ការិយាល័យ កម្លាំងអាជ្ញាធរបានធើ្វការត្រួតពិនិត្យ តាមបន្ទប់និងតាមជាន់ កម្លាំងជំនាញរកពុំឃើញមានសម្ភារសង្ស័យនោះទេ ក្នុងនោះអាជ្ញធរបានធើ្វការ អប់រំ និងធ្វើកិច្ចសន្យា។

ជាមួយគ្នាផងដែល លោក លៀម សុដា អភិបាលរងខេត្ត បានដឹកនាំគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានបន្តចុះត្រួតពិនិត្យទីតាំងមួយកន្លែងទៀត នៅក្នុង បុរីប៉ោវណ្ណៈ ស្ថិតនៅភូមិ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កម្លាំងជំនាញបានរកឃើញផ្ទះ២ល្វែង មាន១០បន្ទប់។

ដោយមានជនបរទេសប្រុសស្រីស្នាក់ចំនួន ២១នាក់ ស្រី៣នាក់ (ចិន១៨នាក់ស្រី១នាក់, វៀតណាម១នាក់ស្រី, វ៉ានូអាទូ១នាក់ប្រុស, មីយ៉ាន់ម៉ា ១នាក់ស្រី) ក្នុងនោះជនជាតិចិន៥នាក់ គ្មានលិខិតឆ្លងដែន និងបានរកឃើញមានសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងម៉្សៅសង្ស័យជាសារធាតុញៀន។

ក្រោយប្រតិបត្តិការកម្លាំងជំនាញ បានបញ្ជូនជនបរទេសទៅធើ្វការសាកសួរនាំ និងបន្តនីតិវីធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកទីតាំងខាងលើត្រូវបានអាជ្ញាធរបិទសៀលជាបណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង