មេភ្នាក់ងារចារកម្មអង់គ្លេស ទម្លាយថា ទាហានរុស្ស៊ី ជិត ៥០ម៉ឺននាក់ ពលីជីវិត នៅអ៊ុយក្រែន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលជាង ៤ឆ្នាំហើយ ដោយគ្មានឃើញសញ្ញាធូរស្រាលឈានឆ្ពោះទៅរកសន្តិភាពសោះ ខណៈភាគីទាំងសងខាង នៅតែច្បាំងគ្នាយ៉ាងក្តៅគគុក បង្កការបំផ្លិចបំផ្លាញ និងស្លាប់មនុស្សអស់រាប់សែននាក់។

ទាហានរុស្ស៊ី

យ៉ាងណា នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ មេភ្នាក់ងារចារកម្មអង់គ្លេស ទម្លាយថា ទាហានរុស្ស៊ី ជិត ៥០ម៉ឺននាក់ ត្រូវបានសម្លាប់ក្នុងសមរភូមិ ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន មក។

តាមការផ្សាយរបស់ BBC, នាយក GCHQ លោកស្រី Anne Keast-Butler បានបញ្ជាក់រឿងនេះ អំឡុងពេលថ្លែងបាឋកថាប្រចាំឆ្នាំ ជាលើកដំបូង របស់ទីភ្នាក់ងារចារកម្ម នៅវិមាន Bletchley Park។

ក្នុងអំឡុងពេលនោះដែរ លោកស្រី បានទម្លាក់កំហុស លើវិមានក្រឹមឡាំង ថា បានរៀបចំផែនការ ស៊ើបការណ៍សម្ងាត់ជាបន្តបន្ទាប់ នៅលើទឹកដីចក្រភពអង់គ្លេស ហើយថ្មីៗនេះ គឺការបើកយុទ្ធនាការ «សង្គ្រាមកូនកាត់» ប្រឆាំងនឹងចក្រភពអង់គ្លេស និងបណ្តាប្រទេសជាសមាជិកណាតូ ផ្សេងទៀត តែម្តង។

លោកស្រី Anne Keast-Butler​ 

យ៉ាងណាក្តី ជុំវិញទាំងការចាទប្រកាន់នេះ និងពាក់ព័ន្ធតួលេខទាហានស្លាប់ ទីក្រុងមូស្គូ មិនទាន់ចេញប្រតិកម្មអ្វីទេ។

បើនិយាយរឿងតួលេខនេះ កាលពីឆ្នាំមុន កងកម្លាំងអ៊ុយក្រែន ក៏ធ្លាប់ចេញរបាយការណ៍ដែរថា ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការសឹកពេញទំហឹង ក្នុងខែកុម្ភៈឆ្នាំ២០២២មក ទាហានរបស់លោកពូទីន រហូតដល់ទៅ ​១ ០២៧ ​៥៤០​នាក់ ​ត្រូវ​បាន​សម្លាប់។

ក្នុងរបាយការណ៍ដែលផ្សាយដោយសារព័ត៌មាន Kyiv Independent នាពេលនោះ, អ៊ុយក្រែនក៏បញ្ជាក់ដែរថា រុស្ស៊ីខ្ទេចរថក្រោះអស់ ២២ ៩៦៣គ្រឿង, រថពាសដែក ២២ ៩៦៣គ្រឿង, រថយន្តដឹកសាំងនិងយានជំនិះ ៥៤ ៣៧០គ្រឿង, ប្រព័ន្ធបាញ់កាំភ្លើងធំ ២៩ ៩៩៣គ្រឿង, ប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ ១ ៤៣២គ្រឿង, ខែលការពារដែនអាកាស ១ ១៩២គ្រឿង, យន្តហោះ ៤២១គ្រឿង, ឧទ្ធម្ភាគចក្រ ៣៤០គ្រឿង, ដ្រូន ៤៤ ០៥៨គ្រឿង, កប៉ាល់និងទូក២៨គ្រឿង និងនាវាមុជទឹកមួយគ្រឿង៕

អត្ថបទដែលជាប់ទាក់ទង