កម្លាំងនគរបាលរាជធានីភ្នំពេញ ចុះពិនិត្យឃ្លាំងស្តុកសាច់បង្កកនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រកឃើញសាច់សរសៃកែងមាន់មានអក្សរ Thailand, ម្ចាស់ឃ្លាំងត្រូវបាននាំមកសួរ
(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកមួយកន្លែងរបស់ ឈ្មោះ ភុត ប៊ុនហម ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង ប្រធានគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិរបស់លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញប្រហិតមាន់សរសៃកែង,ប្រហិតសាច់គោ, ហតដកបីពណ៍, ហតដកក្រហម, ហតដកស្បែកស្រួយ, ណែមមីសួរ, ហតដកមាស, សាច់ជ្រូកចង្កាក់ និងឆ្អឹងខ្ចីទ្រូងមាន់មួយចំនួន។
តែនៅក្នុងការត្រួតពិនិត្យនោះ កម្លាំងសមត្ថកិច្ចបានរកឃើញ សរសៃកែងមាន់ (មានអក្សរអង់គ្លេស THAILAND មានចំនួន១៣៧ដុំតូច), សរសៃកែងមាន់ (មានអក្សរថៃ ចំនួន៧៨ ដុំតូច), សរសៃកែងមាន់ (មិនមានអក្សរបញ្ជាក់ប្រភព ចំនួន ៤២៧ដុំតូច)។
បន្ទាប់ពីការចុះត្រួតពិនិត្យ ម្ចាស់ទីតាំងឈ្មោះ ភុត ប៊ុនហម ត្រូវបានហៅមកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី។ចំពោះទីតាំងខាងលើក្រុមការងារសម្រេចបិទឃ្លុំជាបណ្តោះអាសន្នសិន៕

