ចុះពិនិត្យទីតាំងសង្ស័យ១៩ទីតាំង នៅខណ្ឌទួលគោករកឃើញជនបរទេស៩៨នាក់ តែមិនមានបទល្មើសOnline Scam
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានចុះពិនិត្យទីតាំងសង្ស័យមានបទល្មើសOnline Scam ចំនួន ១៩ទីតាំង មានជនបរទេសស្នាក់នៅចំនួន ៩៨នាក់ ប៉ុន្តែពុំបានរកឃើញមានបទល្មើស Online Scam ឡើយ។

តាមរបាយការណ៍របស់រដ្ឋបាលខណ្ឌទួលគោក នាថ្ងៃទី១០-០៦-២០២៦នេះបានឱ្យដឹងថា៖ ដោយអនុវត្តតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ និងបទញ្ជាលេខ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំរបស់លោក ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ុញនេះ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានដឹកនាំ និងប្រគល់ភារកិច្ចជូនគណៈអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួល នៅតាមសង្កាត់ទាំង១០ បានចំនួន ១៩ទីតាំង។


ក្នុងនោះមានជនបរទេសស្នាក់នៅសរុបចំនួន ៩៨នាក់ (ស្រីចំនួន ៤៥នាក់) និងចំនួន ១៣សញ្ជាតិ មានលិខិតឆ្លងដែន និងទិដ្ឋការត្រឹមត្រូវ ពុំមានបទល្មើស Online Scam កើតឡើងឡើយ៕







