អ៊ីរ៉ង់​ ប្រកាស​​ថា ខ្លួន​វាយ​ប្រហារគោល​ដៅ​យោ​ធា​ ១៨​ទីតាំង​របស់​អាមេរិក​នៅ​គុយ​វ៉ែត​និង​បារ៉ែន

ខណៈ​ពិភពលោក និង​ស្ថាប័ន​អន្តរ​ជាតិ បាន​​ទទូច​ឱ្យ​ភាគី​ជម្លោះ​​ទាំង​អស់​នៅ​មជ្ឈិម​បូព៌ា​បញ្ឈប់​​ការ​វាយ​ប្រហារ​គ្នា​ជា​បន្ទាន់​ តែ​មក​ទល់​ពេល​នេះ​គ្មាន​ភាគី​ណា​មួយ​ព្រម​ឈប់​នោះ​ទេ​ ថែម​ទាំងបង្កើន​ការ​វាយ​ប្រហារ​​សង​សឹក​គ្នា​លាន់​ឮ​ពេញ​មជ្ឈិម​បូព៌ា​ទៀត​ផង​។

អ៊ីរ៉ង់​​ប្រកាសនៅ​ថ្ងៃ​នេះ​ថា គោលដៅ​យោធាសំខាន់ៗ​ចំនួន១៨ របស់​សហរដ្ឋអាមេរិក​នៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន ត្រូវបាន​​វាយ​ប្រហារហើយ​ ចំ​ពេលមាន​ភាពតានតឹង​ក្នុងតំបន់​កើនឡើង​យ៉ាងឆាប់រហ័ស។

យោង​តាម​សារព័ត៌មាន TRT World ផ្សាយ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ កង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បាន​និយាយថា គោលដៅទាំងនោះ​រួមមាន​មូលដ្ឋានទ័ព​​ Ali Al Salem និង Ahmad Al Jaber ក្នុងប្រទេស​គុយ​វ៉ែត ​រួមជា​មួយនឹងមូលដ្ឋាន​ទ័ព​ Sheikh Isa ​ក្នុងប្រទេសបារ៉ែន។

មីស៊ីល​អ៊ីរ៉ង់​បាញ់​គោល​ដៅ​យោ​ធា​អាមេរិក​

ដោយ​ឡែក យោធាអ៊ីរ៉ង់ បាន​និយាយថា ខ្លួន​បានកំណត់គោលដៅ​ប្រព័ន្ធ Patriot និង​កន្លែងទំនាក់ទំនង​ដែលជាកម្មសិទ្ធិរបស់​កង​នាវា​ទី៥ របស់​សហរដ្ឋអាមេរិក​ នៅប្រទេសបារ៉ែន។

យោ​ធា​បន្ថែមថា ដ្រូន​អត្តឃាតត្រូវ​បានបាញ់ឆ្ពោះ​ទៅកាន់​កងនាវាទី៥ របស់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅ​នឹង​ការវាយ​ប្រហារ​របស់​អាមេរិក​ លើភាគខាងត្បូងនៃប្រទេស​អ៊ីរ៉ង់។

ការវិវឌ្ឍនេះ​កើតឡើង​ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ​បន្ទាប់ពីការវាយប្រហាររបស់​សហរដ្ឋអាមេរិកលើ​ភាគខាងត្បូងអ៊ីរ៉ង់ និងការវាយប្រហារ​សង​សឹក​ជា​បន្តបន្ទាប់របស់​អ៊ីរ៉ង់ ផ្តោត​លើ​ទ្រព្យ​សម្បត្តិ​យោធាអាមេរិកនៅ​ទូទាំងតំបន់។

ការកើនឡើងចុងក្រោយ​បំផុតនេះកើតឡើង​ បន្ទាប់ពីការវាយប្រហារ​ជាបន្តបន្ទាប់របស់​សហរដ្ឋអាមេរិកប្រឆាំង​នឹងគោលដៅជា​ច្រើននៅ​ក្នុងប្រទេសអ៊ីរ៉ង់ ដែល​បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ​(CENTCOM) ហៅថា​ជាការឆ្លើយ​តបទៅ​នឹងការ​ឈ្លានពាន​ដែល​មិន​សមហេតុផល និងបន្តសង​សឹក​របស់​អ៊ីរ៉ង់។

ភ្លាមៗ​បន្ទាប់ពីការប្រកាស​នេះ ទីភ្នាក់ងារសារ​ព័ត៌មាន Mehr គ្រប់គ្រង​ដោយរដ្ឋ​ រាយការណ៍ពីការផ្ទុះថ្មីៗ​ នៅក្នុងទីក្រុង Bandar Abbas និង Sirik ក៏ដូចជាការផ្ទុះ​មួយផ្សេងទៀត​ នៅជិត​តំបន់​ Minab ក្នុងខេត្ត Hormozgan ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ង់​៕

 

អត្ថបទដែលជាប់ទាក់ទង