ក្រសួងការងារ បន្តពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចសន្តិសុខសង្គម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការងារ
(ភ្នំពេញ)៖ វិទ្យាស្ថានជាតិការងារ សហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសមួយ ជូនដល់មន្ត្រីអធិការកិច្ចសន្តិសុខសង្គមទាំងនៅថ្នាក់កណ្តាល និងសាខា ប.ស.ស. រាជធានី-ខេត្ត សរុបចំនួន ១៦៣នាក់ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងធានាឱ្យមន្ត្រីអធិការកិច្ចសន្តិសុខសង្គមអាចបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ និងបុរេសកម្ម។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា មន្ត្រីអធិការកិច្ចសន្តិសុខសង្គម គឺជាប្រតិបត្តិករដ៏មានសារៈសំខាន់ក្នុងការត្រួតពិនិត្យការអនុវត្តបទប្បញ្ញត្តិច្បាប់នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រនានា។
លោកបានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចសន្តិសុខសង្គម និងការបង្កើនប្រសិទ្ធភាពផ្នែកអធិការកិច្ច គឺជាអាទិភាពមួយនៅក្នុងក្របខ័ណ្ឌគោលនយោបាយវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានបន្ថែមថា មន្ត្រីអធិការកិច្ចសន្តិសុខសង្គមមិនត្រឹមតែផ្តោតលើការអនុវត្តរបបសន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវធ្វើការងារដោយប្រទាក់ក្រឡាគ្នាជាមួយអធិការការងារ និងអធិការពេទ្យការងារ ដើម្បីរួមគ្នាការពារសិទ្ធិ និងផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. តាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។
សម្រាប់ខ្លឹមសារសិក្សាក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ បានគ្របដណ្តប់ទៅលើប្រធានបទសំខាន់ៗចំនួន ៤ រួមមាន ច្បាប់ស្តីពីការងារ កិច្ចសន្យាការងារ លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ព្រមទាំងគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ៕

