យោធាជាន់ខ្ពស់អាល្លឺម៉ង់ ថា រុស្ស៊ីអាចកំពុងដាក់ឧបករណ៍នុយក្លេអ៊ែរចូលក្នុងលំហអាកាស
មន្ត្រីយោធាអវកាសជាន់ខ្ពស់របស់ប្រទេសអាល្លឺម៉ង់ បានលើកឡើងថា ប្រទេសរុស្ស៊ីអាចនឹងកំពុងធ្វើការលើបច្ចេកវិទ្យាដែលមានសមត្ថភាពដាក់ឧបករណ៍នុយក្លេអ៊ែរក្នុងគន្លងតារាវិថី ដោយព្រមានថា សេណារីយ៉ូបែបនេះអាចរំខានយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ ដែលពឹងផ្អែកលើផ្កាយរណប និងប្រព័ន្ធយោធានៅទូទាំងពិភពលោក។
យោងតាមសារព័ត៌មាន Politico និងផ្សាយបន្តដោយសារព័ត៌មាន United 24 Media នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោក Michael Traut មេបញ្ជាការនៃបញ្ជាការអវកាសរបស់អាល្លឺម៉ង់និយាយថា លោកមិនអាចច្រានចោលលទ្ធភាពដែលទីក្រុងមូស្គូកំពុងបន្តសមត្ថភាពបែបនេះ[ដាក់ឧបករណ៍នុយក្លេអ៊ែរក្នុងគន្លងតារាវិថី] ជាផ្នែកមួយនៃភាពតានតឹងកើនឡើង នាពេលអនាគតនោះទេ។

លោក Traut ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico ថា៖ « ក្នុងជម្លោះដែលកំពុងកើនឡើង មានការសង្ស័យថារុស្ស៊ីអាចកំពុងធ្វើការលើបច្ចេកវិទ្យា ដើម្បីដាក់ឧបករណ៍នុយក្លេអ៊ែរចូលទៅក្នុងគន្លងផែនដី»។
ពេលអ្នកកាសែតសួរថា តើលោកចាត់ទុកសេណារីយ៉ូបែបនេះជារឿងប្រាកដនិយមឬអត់?
លោក Traut ឆ្លើយតបថា៖ « ខ្ញុំមិនអាចបដិសេធបានទេ»។
លោក Traut បន្ថែមថា ផលវិបាកនៃការបំផ្ទុះនុយក្លេអ៊ែរ ក្នុងលំហអាកាសនឹងខុសគ្នាយ៉ាងខ្លាំងពីការវាយប្រហារនុយក្លេអ៊ែរធម្មតា នៅលើផែនដី ប៉ុន្តែអាចមានផលប៉ះពាល់យ៉ាងធំធេងទៅលើសង្គមសម័យទំនើបដែលពឹងផ្អែកលើផ្កាយរណបសម្រាប់ការទំនាក់ទំនង ការរុករក សេវាធនាគារ ការដឹកជញ្ជូន ការព្យាករណ៍អាកាសធាតុ និងប្រតិបត្តិការយោធា។
មេបញ្ជាការអាល្លឺម៉ង់រូបនេះ បានចង្អុលបង្ហាញពីការសាកល្បងនុយក្លេអ៊ែរ Starfish Prime របស់សហរដ្ឋអាមេរិកធ្វើឡើង ក្នុងឆ្នាំ១៩៦២ ជាឧទាហរណ៍មួយ អំពីរបៀបដែលការផ្ទុះនុយក្លេអ៊ែររយៈកម្ពស់ខ្ពស់អាចប៉ះពាល់ដល់ផ្កាយរណប និងហេដ្ឋារចនាសម្ព័ន្ធអវកាស។
យោងតាមសារព័ត៌មាន Politico លោក Traut ព្រមានថា ព្រឹត្តិការណ៍ស្រដៀងគ្នានេះ នៅថ្ងៃនេះ អាចធ្វើឱ្យផ្កាយរណបទាំងអស់ដែលដំណើរការក្នុងគន្លងផែនដីទាប មិនអាចដំណើរការបានរហូតដល់មួយភាគបីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងខែបន្ទាប់។
បទសម្ភាសន៍នេះកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមរដ្ឋាភិបាលលោកខាងលិចអំពីការគំរាមកំហែងដល់ប្រព័ន្ធដែលមានមូលដ្ឋានលើលំហ។
លោក Traut បន្តថា ហានិភ័យទាក់ទងនឹងលំហបានពង្រីក នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចាប់ពីការកកស្ទះប្រព័ន្ធ GPS និងការជ្រៀតជ្រែកឡាស៊ែរ រហូតដល់ការវាយប្រហារដោយផ្ទាល់លើផ្កាយរណប។
លោក Traut បន្ថែមថា៖ « ឧទាហរណ៍ដ៏ល្អបំផុតគឺការកកស្ទះ GPS នៅក្នុងតំបន់បាល់ទិក។ ការរំខានទាំងនេះប៉ះពាល់ទាំងអាកាសចរណ៍ស៊ីវិល និងចរាចរណ៍ផ្លូវសមុទ្រ»៕
