តាមការអញ្ជើញរបស់លោក ពូទីន សម្ដេច ហ៊ុន ម៉ាណែត នឹងទៅរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដែលដំណើរនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន។

កិច្ចប្រជុំនេះ គឺរៀបចំឡើងដើម្បីប្រារព្ធខួបលើកទី ៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ តាមក្រសួងការបរទេស អមដំណើរសម្តេចធិបតី រួមមានឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងតំណាងធុរជនកម្ពុជា។

ក្នុងសេចក្ដីប្រកាសដដែលនោះ បានឱ្យដឹងបន្ថែមថា កិច្ចប្រជុំកំពូលនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ខណៈជាមួយគ្នានោះ គឺមានការរំពឹងថា ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងក្រៅតំបន់។

តាមកម្មវិធីគ្រោទុក សម្តេចធិបតី នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងនឹងមានជំនួបទ្វេភាគីមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួម និងមានអត្ថប្រយោជន៍ទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង