រុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ទៀតហើយ សម្លាប់មនុស្ស ៩នាក់ និងឆេះព្រះវិហារប្រវត្តិសាស្ត្រ
ជាថ្មីម្តងទៀត កងទ័ពរុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំ លើអ៊ុយក្រែន តាមរយៈការបាញ់ស្រោចមីស៊ីល កំណត់គោលដៅលើ ទីតាំងយោធា ក្នុងទីក្រុងធំៗ ចំនួន៣ ដោយសម្លាប់មនុស្ស ចំនួន ៩នាក់ និងថែមទាំងបណ្តាលឲ្យ ព្រះវិហារប្រវត្តិសាស្រ្តដ៏ល្បីល្បាញ ក្នុងទីក្រុងកៀវ ឆាបឆេះ ផងដែរ។

តាមការផ្សាយរបស់ BBC និង RT នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ រុស្ស៊ី បានបើកការវាយប្រហារលើទីក្រុង កៀវ ខាកូហ្វ និងឌីនីប្រូ ជាមួយមីស៊ីល ជាង ៧០គ្រាប់ និងដ្រូន ៦០០គ្រឿង បង្កការបំផ្លាញធំធេង និងបណ្តាលឲ្យសេវាសាធារណៈ មួយចំនួន ត្រូវជាប់គាំង។
ក្នុងចំណោមអ្នកស្លាប់ទាំង៩ គឺមាន ៤នាក់បាត់បង់ជីវិត ក្នុងការវាយប្រហារនៅទីក្រុងកៀវ ខណៈ ៥នាក់ទៀត ស្លាប់ដោយសារព្យាយាមពន្លត់អគ្គិភ័យ នៅទីក្រុង ខាកូហ្វ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី អះអាងថា ខ្លួនកំណត់គោលដៅតែលើទីតាំងមិនមែនស៊ីវិល ប៉ុណ្ណោះ ពោលគឺខ្លួនបានបាញ់លើទីតាំងទាហាន និងវាលយន្តហោះយោធា អ៊ុយក្រែន។
ការវាយប្រហារនេះ កើតឡើង ចំពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយទូរស័ព្ទ ជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី ស្ដីពីសង្គ្រាមនៅអ៊ុយក្រែន។
បើតាមការបញ្ជាក់ពីជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov, នៅក្នុងកិច្ចសន្ទនា រយៈពេលជិតមួយម៉ោងនោះ លោក ត្រាំ ជំរុញឲ្យមានការបញ្ចប់សង្គ្រាម និងបង្ហាញពីបំណង ចង់ឲ្យទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីត្រឡប់មកល្អប្រសើរឡើងវិញ។

យ៉ាងណា លោក ពូទីន បានឆ្លើយតបទៅវិញដោយជំហររឹងរូស និងឌឺដងចំៗ ទៅកាន់មេដឹកនាំអ៊ុយក្រែន តាមរយៈលោក ត្រាំ ថា បើលោក ហ្សេលេនស្គី ពិតជាចង់ជួបចរចាសន្តិភាព ជាមួយលោកមែននោះ «ចូរឲ្យធ្វើដំណើរទៅទីក្រុងមូស្គូដោយផ្ទាល់មក»។ លោក ពូទីន បន្ថែមទៀតថា ការដែលអ៊ុយក្រែន ព្យាយាមវាយប្រហារលើតំបន់ស៊ីវិលរបស់រុស្ស៊ី គឺមិនអាចកែប្រែស្ថានភាព ចាញ់ឈ្នះនៅលើសមរភូមិបានឡើយ។
ចំណែកឯខាងលោក ហ្សេលេនស្គី វិញ ក៏បានទូរស័ព្ទ ទៅអបអរសាទរថ្ងៃខួបកំណើតរបស់លោក ត្រាំ និងថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់អាមេរិកផងដែរ។ លោកបង្ហើបថា ពួកគេបានជជែកគ្នាពីវិធីសាស្ត្រនាំយកសន្តិភាព និងបានរាយការណ៍ប្រាប់លោក ត្រាំ ពីស្ថានភាពសមរភូមិជួរមុខរបស់អ៊ុយក្រែន ដែលកំពុងតែមានប្រៀបជាងមុន។
លើសពីនេះ មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាថា នឹងបន្តពិភាក្សាបន្ថែមទៀត នៅពេលជួបគ្នាក្នុងកិច្ចប្រជុំកំពូល G7 នាពេលឆាប់ៗខាងមុខ៕
