រកឃើញសាច់បង្កនាំចូលពីថៃ ជាង ២៣តោន ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយ
សមត្ថកិច្ចរកឃើញទំនិញជាង ២៣ តោន នាំចូលពីថៃ ស្មើនឹង ១១២មុខ នៅក្នុងការចុះឆែកឆេរនៅថ្ងៃសុក្រ-សៅរ៍-អាទិត្យ ទី១២-១៣-១៤ ខែមិថុនា ឆ្នាំ២០២៦។
ការរកឃើញនេះ មានឡើងនៅពេលមន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ និងសមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌ ចំនួន៨ បាន ចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ ខណ្ឌកំបូល។
ក.ប.ប. បានថ្លែងថា ការត្រួតពិនិត្យផ្ដោតសំខាន់លើការស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញ។
ក.ប.ប. បន្តថា៖«ជាលទ្ធផលឆ្លងកាត់ការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ ស្មើរនឹង ២៣,២៤៥ គីឡូក្រាម (ជាង២៣តោន) និងផ្លែឈើខូចគុណភាព ២០៤ កេស ស្មើរនឹង ៣,២៦៤ គីឡូក្រាម (ជាង៣តោន) និងឃាត់ទុកបណ្តោះអាសន្នផលិតផលទំនិញមួយចំនួនដើម្បីអនុវត្តនីតិវិធីបន្ត។
ការនាំទំនិញតាមផ្លូវគោលពីថៃចូលកម្ពុជា គឺជាសកម្មភាពខុសច្បាប់ ដោយសារតែព្រំដែនគោកទាំងអស់ត្រូវបានបិទ។ នេះជាការបញ្ជាក់របស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា៕
