អាមេរិក ​នៅ​តែ​ជាប់ឈ្មោះ​​នាំ​ចេញ​អាវុធ​ធំ​​បំផុត​​លើ​លោក ទោះបី​​ជា​ បរិមាណ​​អាវុធ​ថយ​ចុះ​

សហរដ្ឋ​អាមេរិក​ នៅតែជាប្រទេស​នាំ​ចេញអាវុធ​ធំជាង​គេបំផុត​របស់​ពិភពលោក ប៉ុន្តែ​សង្គ្រាម​ជាមួយអ៊ីរ៉ង់​កាល​ពី​ថ្មី​ៗ​នេះ​ កំពុង​ធ្វើ​ឱ្យ​សន្និធិ (Stock) ​អាវុធ​មានភាព​រអាក់​រអួល​​ ថែម​ទាំង​​ពន្យារពេលការ​ដឹកជញ្ជូនទៅ​ឱ្យ​សម្ព័ន្ធមិត្ត បង្កើន​ជា​​សំណួរថ្មីៗ​ លើ​ភាពជឿជាក់​នៃការផ្គត់ផ្គង់​សម្ភារៈ​យោ​ធា​​របស់​សហ​រដ្ឋ​អាមេរិក​ អំឡុងពេលមាន​វិបត្តិ​។ នេះ​បើយោង​តាម​សារព័ត៌មាន​ CNA ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៦ ។

យោង​តាមទិន្នន័យពីវិទ្យាស្ថាន​ស្រាវជ្រាវសន្តិភាព​អន្តរជាតិ​ស្តុកហូម (Stockholm)​ ឱ្យ​ដឹង​ថា សហ​រដ្ឋអាមេរិក​ ​បាន​នាំ​ចេញ​អាវុធ​សំខាន់​ៗ​ចំនួន​ ៤២ភាគរយ​នៅ​ទូទាំងពិភពលោក  រួមទាំង​យន្តហោះ​ប្រយុទ្ធ និងប្រព័ន្ធមីស៊ីល​ ចន្លោះ ឆ្នាំ២០២១ និង ២០២៥ ។ ​តួ​លេខ​នេះ​គឺខ្ពស់​ជាង​ការ​នាំ​ចេញ​រួមគ្នារបស់​រុស្ស៊ី ចិន និងសហភាព​អឺរ៉ុប​ទៅ​ទៀត​។

យន្ត​ហោះ​ចម្បាំង​ F-22 របស់​អាមេរិក​

យ៉ាងណា ទោះបីជាខ្លួន​មានឥទ្ធិពលលើទីផ្សារ​អាវុធសកល​ក៏ដោយ ទីក្រុងវ៉ាស៊ីនតោន​កំពុងប្រឈមនឹង​សម្ពាធកាន់តែខ្លាំង​ឡើង​ ក្នុង​ការ​បំពេញស្តុកអាវុធ​ដែលអស់​ដោយសារការប្រយុទ្ធគ្នា​ជាច្រើន​ខែជាមួយអ៊ីរ៉ង់​។

ក្នុង​ចំណោមប្រទេស​រងផលប៉ះពាល់​គឺ​ប្រទេស​ប៉ូឡូញ ទទួល​បាន​យន្ត​ហោះ​ចម្បាំង F-35A Lightning II ត្រឹម​តែ​បីគ្រឿង​​ដំបូង​ប៉ុណ្ណោះ​ ​ក្នុង​ចំណោម​យន្តហោះ ៣២គ្រឿង​ ដែល​ផលិត​នៅសហរដ្ឋអាមេរិក​កាលពី​ខែ​ឧសភា ដោយ​យន្តហោះ​ចំនួន ២៩គ្រឿងនៅ​សល់​ គ្រោងនឹងដឹកជញ្ជូននាចុង​ទសវត្សរ៍​នេះ។

ប៉ុន្តែ​របាយការណ៍​បង្ហាញថា ទីក្រុងវ៉ាស៊ីនតោន​បានព្រមាន​សម្ព័ន្ធមិត្ត ​រួមទាំង​ប្រទេសប៉ូឡូញ ​ត្រូវ​ទទួល​យក​ការពន្យារពេល​ក្នុង​ការ​ដឹក​ជញ្ជូន​អាវុធ ខណៈ​អាមេរិក​កំពុង​ស្តារ​​​ស្តុក​អាវុធ​ខ្លួន​ឡើង​វិញ​។

កាល​ពីខែមេសា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ទទួលស្គាល់​ នៅចំពោះមុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ថា ការ​បំពេញស្តុកអាវុធឡើងវិញ​អាចត្រូវការ​ពេលវេលា។

ប៉ុន្មាន​សប្តាហ៍ក្រោយមក រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិសហរដ្ឋ​អាមេរិក​ស្តីទី លោក Hung Cao និយាយថា មន្ទីរបញ្ច​កោណបាន​ផ្អាកកញ្ចប់​អាវុធចំនួន ១៤​ប៊ី​លានដុល្លារអាមេរិក​សម្រាប់​តៃវ៉ាន់ ដើម្បីធានា​ថា​យោធាសហរដ្ឋអាមេរិក​រក្សាគ្រាប់​រំសេវគ្រប់គ្រាន់​សម្រាប់ជម្លោះជា​មួយ​អ៊ីរ៉ង់។

មិន​តែ​ប៉ុណ្ណោះ របាយការណ៍បង្ហាញ​ទៀត​ថា ការដឹកជញ្ជូន​ទៅ​កាន់​ដៃ​គូអាមេរិក​ផ្សេងទៀត រួមមាន​ប្រទេសជប៉ុន ចក្រភពអង់គ្លេស ន័រវែស អេស្តូនី លីទុយ​អានី និង​ស្វីស ក៏ត្រូវ​ពន្យារពេល​ផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង