កម្ពុជា-ចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទាំងឱកាសវិនិយោគ ទីផ្សារ និងការកែច្នៃ
(ភ្នំពេញ)៖ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ សមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជាកន្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើលទ្ធភាពសហប្រតិបត្តិការជំរុញការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនៃជំនួប លោកអនុរដ្ឋលេខាធិការ បានស្វាគមន៍ចំណាប់អារម្មណ៍របស់គណៈប្រតិភូសមាគមចិននៅកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការវិនិយោគក្នុងការការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។
ក្នុងន័យនេះ លោក បានបង្ហាញពីសក្តានុពលនិងផ្ដល់អនុសាសន៍សម្រាប់វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដូចខាងក្រោម៖
ទី១៖ លទ្ធភាពការនាំចេញកសិផលសក្តានុពល១៧មុខ ពីកម្ពុជាទៅកាន់ប្រទេសចិន
ទី២៖ ការលើកទឹកចិត្តវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ QIP
ទី៣៖ នីតិវិធីការចុះបញ្ជី ការកែច្នៃ ឡូជីស្ទិក ឡសម្ងួត និងការនាំចេញសំបុកត្រចៀកកាំ ទុរេន ស្វាយ ស្វាយចន្ទី មៀនក្រៀម ដំឡូងមី អង្ករធ្វើស្រា ព្រមទាំងចិញ្ចឹមសត្វទៅកាន់ប្រទេសចិន និង
ទី៤៖ ការធ្វើកិច្ចសហការស្រាវជ្រាវរួមគ្នាជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា (CASA)។
លោក បានគូសបញ្ជាក់ថា វិស័យទាំងនេះមានសក្តានុពលយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងលើកកម្ពស់ផលិតកម្មកសិកម្មដែលមានតម្លៃបន្ថែម ទាក់ទាញការវិនិយោគ និងបង្កើតឱកាសថ្មីៗសម្រាប់កសិករ និងអាជីវកម្មកសិកម្មនៅកម្ពុជា។
ជាមួយគ្នានេះ ភាគីចិនបានគោរពថ្លែងអំណរគុណ លោក គី ច័ន្ទរំដួល ដែលបានផ្តល់អនុសាសន៍ក្នុងការវិនិយោគ ហើយសមាគមនឹងជួយផ្សព្វផ្សាយពីគោលនយោបាយលើកទឹកចិត្តពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនចិន ឱ្យមកធ្វើការវិនិយោគលើកសិផលសក្តានុពលរបស់កម្ពុជា៕

