សម្តេចតេជោ ហ៊ុន សែន៖ សមាជិកអង្គការហ្វ្រង់កូហ្វូនី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត ​ដើម្បីឱ្យតួនាទី​អង្គការនេះកាន់តែមានសក្តានុពល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចង់ឱ្យសមាជិក​អង្គការហ្វ្រង់កូហ្វូនី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ដើម្បីឱ្យអង្គការប្រទេស​និយាយ​​ភាសាបារាំងនេះកាន់តែមានសក្តានុពល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក ដាសៀន ជូលៀន (Dacian Julien Cioloş) ទីប្រឹក្សា​ពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី និងជាបេក្ខភាពតំណែង​អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិមាន​សាមគ្គី​ភាពនៃព្រឹទ្ធសភាកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ បាន​សម្ដែង​ការស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយលោក​ទីប្រឹក្សាពិសេស​ និងប្រតិភូក្នុង​ដំណើរ​បំពេញទស្សនកិច្ច​នៅកម្ពុជា។ សម្ដេចតេជោ​ សង្ឃឹមថា ដំណើរទស្សនកិច្ច​របស់លោកទីប្រឹក្សា​ពិសេស និង​ប្រតិភូ នឹងញ៉ាំងឱ្យទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី ឱ្យកាន់តែរឹងមាំបន្ថែម​ហើយ​ក៏ញ៉ាំងឱ្យទំនាក់ទំនង​រវាងកម្ពុជា និងអង្គការហ្វ្រង់កូហ្វូនី កាន់តែល្អប្រសើរ។

លោកទីប្រឹក្សាពិសេស បានអរគុណសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និង​សហការី បានជួបសម្ដែងការគួរសម។ លោកទីប្រឹក្សាពិសេសប្រធានាធិបតីរ៉ូម៉ានី ក៏បាននាំសារសួរសុខទុក្ខ របស់ប្រធានា​ធិបតី​រ៉ូម៉ានី ថ្វាយ​ព្រះមហាក្សត្រខ្មែរ និងនាំសារសួរសុខទុក្ខរបស់លោកប្រធាធិបតី ជូនសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។

លោកទីប្រឹក្សាពិសេសប្រធានាធិបតីរ៉ូម៉ានី បានលើកឡើងថា កម្ពុជា និងរ៉ូម៉ានី មានទំនាក់ទំនង​ដ៏ល្អ​ជា​មួយគ្នា​ ហើយ​ប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនង​បន្ថែមទៀត។

ក្នុងឋានៈជាបេក្ខភាពតំណែងអគ្គលេខាធិការ​អង្គការហ្វ្រង់កូហ្វូនី លោកទីប្រឹក្សាពិសេស បាន​ជជែក​ចែក​រំលែកអំពីតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ក្នុងការពង្រីក និងពង្រឹង​ពហុ​ភាគី​​និយម ​និងលើកស្ទួយបន្ថែមទៀតក្នុង​ក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកទីប្រឹក្សាពិសេស ក៏បានអបអរសាទរកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូលអង្គការ​ហ្វ្រង់កូហ្វូនីនៅខែវិច្ឆិកាខាងមុខ។ បេក្ខភាពតំណែងអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីរូបនេះ ចាត់​ទុក​ភាពជាម្ចាស់ផ្ទះ ជាឱកាសល្អសម្រាប់កម្ពុជា ចូលរួមចំណែកក្នុងក្របខណ្ឌ​អង្គការហ្វ្រង់កូហ្វូនី​។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណជាអនេកចំពោះសារ​សួរសុខទុក្ខរបស់​ប្រធានាធិបតី​រ៉ូម៉ានី ថ្វាយ​ព្រះមហាក្សត្រខ្មែរ ក៏ដូចជាសួរសុខទុក្ខ​សម្ដេចតេជោ។ សម្តេចតេជោ ក៏បានផ្តាំផ្ញើសួរសុខ​ទុក្ខ​លោក​ប្រធានាធិបតីរ៉ូម៉ានីវិញដែរ។

កុ្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែក​អំពីស្ថាន​ការណ៍អន្តរជាតិ ពាក់ព័ន្ធ​នយោបាយ​ពហុភាគីនិយម ជាពិសេសក្នុង​ក្របខណ្ឌ​នៃតួនាទី​របស់អង្គការហ្វ្រង់កូហ្វូនី។ ក្នុង​នាម​ជា​អង្គការមានសមាជិកច្រើន ដែលសមាជិកពេញសិទ្ធិពេលបច្ចុប្បន្នមានរហូតដល់៥៣​ប្រទេសនោះ ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ​ដើម្បីធ្វើឱ្យតួនាទី​របស់​អង្គការ​ហ្វ្រង់កូហ្វូនីកាន់តែមានសក្តានុពល ឬក៏កាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោប្រមុខរដ្ឋស្តីទី ក៏បានចែករំលែកទស្សនៈទាក់ទងនឹង​ការពង្រីក​ក្នុងក្រប​ខណ្ឌ​អង្គ​ការប្រង្កូនីតាមរយៈការប្រាស្រ័យ ឬកិច្ចសហបការសេដ្ឋកិច្ចជាមួយគ្នា​ ដែលប្រទេសជាសមាជិក​គួរតែពង្រឹងបន្ថែមក្នុងការធ្វើនូវកិច្ចសហការសេដ្ឋកិច្ច ដូចជាពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឱ្យ​ក្លាយជាថាមពលគាំទ្រដល់ទំនាក់ទំនងនយោបាយរវាងប្រទេសដែលជាសមាជិក។

បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកថា អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណា​បង្កើនកិច្ចគាំទ្រសគ្នាលើឆាកអន្តរជាតិរវាងមាជិករបស់ខ្លួន។

លោក ដាសៀន ក៏បានជម្រាបសម្តេចតេជោថា ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល​អង្គកា​រហ្វ្រង់កូហ្វូនីនាខែវិច្ឆិកាខាងមុខនេះ ប្រធានាធិបតី​រ៉ូម៉ានី និងធុរជនជាច្រើនរូបទៀត នឹង​អញ្ជើញមកកាន់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន រង់ចាំស្វាគមន៍ដោយភាពកក់ក្តៅ ចំពោះដំណើររបស់លោកប្រធាធិបតីរ៉ូម៉ានី និងធុរជន៕

 

អត្ថបទដែលជាប់ទាក់ទង