បង្រ្កាបករណីកំហែងយកប្រាក់ និងគំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់
កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ បានស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាជនជាតិខ្មែរពីរនាក់ពាក់ព័ន្ធនឹងករណីកំហែងយកប្រាក់ និងគំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់។
តាមរយ:ការស្រាវជ្រាវ កម្លាំងជំនាញកំណត់បានថា ជនសង្ស័យបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ “Zeii Neth” ជាមធ្យោបាយទាក់ទងជាមួយជនរងគ្រោះដើម្បីគំរាមកំហែងហែកកេរ្តិ៍ និងកំហែងទារប្រាក់ពីជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នពីបទ«គំរាមកំហែងហែកកេរ្តិ៍» ដោយឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ព្រៃស ម១) និង មណ្ឌលអប់កែប្រែទី២(ព្រៃស ម២)។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សាធារណជន សូមមេត្តាពិនិត្យ និងពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយ:អនឡាញ ជាពិសេសត្រូវពិនិត្យថា តើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ៕


